​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ ជប៉ុន​បាន​អះអាង​អំពី​ការ​រក​ឃើញ​អ្នក​ផ្ទុ​កកូ​វីដ​១៩​បំ​ប្លែងខ្លួន អូ​មី​ក្រុង ជា​លើកដំបូង នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​វិច្ឆិកា​។​

​មុន​នេះ​កាលពី​ថ្ងៃ​ចន្ទ ជប៉ុន​បាន​និយាយថា ខ្លួន​នឹង​បិទ​ព្រំដែន​សំរាប់​ជនបរទេស​ដើម្បី​រារាំង​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូ​មី​ក្រុង ដោយ​ចូលរួម​ជាមួយ​អ៊ីស្រាអែល​ក្នុង​ការដាក់​ការគ្រប់គ្រង​​ព្រំដែន​តឹងរឹង​បំផុត​ចាប់តាំងពី​គេ​រក​ឃើញ​វា​ជា​លើកដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុងពេល​ជាមួយគ្នា​បាន​និយាយថា ជនជាតិ​ជប៉ុន​ដែល​វិល​មក​ពី​ប្រទេស​ជាក់លាក់​មួយចំនួន​នឹង​ត្រូវ​ធ្វើ​ចត្តា​ឡីស័​កនៅ​ទីតាំង​កំណត់ នៅពេល​ក្រសួង​ការបរទេស​បាន​និយាយថា​​វិធានការ​តឹងរឹង​ឡើង រួម​មាន​ការបន្ថែម​ពេលធ្វើ​ចត្តា​ឡីស័​កនៅ​តាម​សណ្ឋាគារ ពី​៣​ដល់​៦​ថ្ងៃ​សំរាប់​អ្នក​ដំណើរ​ទៅ​ពី​អង់គ្លេស​។​អ្នក​ទៅ​ពី​អូស្ត្រាលី​និង​អូទ្រីស​នឹង​បង្កើន​ពេលធ្វើ​ចត្តា​ឡី​ស័កពី​សូ​ន្យទៅ​៣​ថ្ងៃ​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋ​មន្ត្រី​សុខាភិបាល​ជប៉ុន​បាន​និយាយថា អ្នកដំណើរ​ម្នាក់​ទៅ​ពី​ណា​មី​ប៊ី បាន​ធ្វើតេស្តិ៍​មាន​វិជ្ជ​មានកូ​វីដ​១៩​នៅ​អាកាសយានដ្ឋាន តែ​ត្រូវ​ធ្វើតេស្តិ៍​បន្ថែម​ដើម្បី​អោយ​ដឹង​ថា​តើ​វា​ជា​ប្រភេទ​​អូ​មី​ក្រុង ឬ​អត់​។​តែ​មន្ត្រី​ជប៉ុន​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ជប៉ុន​បាន​រកឃើញ​អ្នក​ផ្ទុក អូ​មី​ក្រុង លើកដំបូង ជា​អ្នកដំណើរ​មកពីណា​មី​ប៊ី​។​

​ជប៉ុន​នឹង​បិទ​ព្រំដែន​សំរាប់​ជនបរទេស​

​ក្នុង​ហេតុការណ៍​កូវី​ដ​១៩​ដាច់ដោយឡែក​មួយ​ទៀត មនុស្ស​ម្នាក់​ត្រូវបាន​ធ្វើតេស្តិ៍​ឃើញ​វីរុស​ពូជ​ថ្មី អូ​មី​ក្រុង នៅ​កោះ​ឡា រី​ញូញៀ​ន​(La Reunion)​របស់​បារាំង​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។​

​អ្នកសិក្សា​ស្រាវជ្រាវ​បារាំង​ម្នាក់​បាន​អោយដឹងថា អ្នក​ឆ្លង​អូ​មី​ក្រុង ជា​បុរស​អាយុ​៥៣​ឆ្នាំ​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ទៅ​ម៉ូ​ហ្សំ​ប៊ិច​និង​ឈប់​សំចត​ត​ជើង​យន្តហោះ​នៅ​អាហ្វ្រិក​ខាងត្បូង​។​គាត់​បាន​វិល​មក​កោះ​​ឡា រី​ញូញៀ​ន​កាលពី​ពីរ​សប្តាហ៍​មុន និង​កំពុង​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​។​

​វីរុស​បំ​ប្លែងខ្លួន អូ​មី​ក្រុង​ដែល​អង្គការ​សុខភាព​ពិភពលោក​ចាត់ទុកថា​ជា​វីរុស​«​បង្ក​ហានិភ័យ​ឆ្លង​ខ្ពស់​ណាស់​»​កំពុង​បង្ក​ការប្រកាសអាសន្ន​នៅ​ទូទាំង​ពិភពលោក ដោយ​ប្រទេស​ជាច្រើន​បាន​ហាម​ការធ្វើ​​ដំណើរ​មក​ពី​អាហ្វ្រិក​ភាគខាងត្បូង ខ្លះ​បិទ​ព្រំដែន​ទាំង​ស្រុង​ដែល​នាំ​អោយ​បាត់​ក្តី​សង្ឃឹម​អំពី​ការ​រើប​រើ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ការ​រឹតត្បិត​អស់​ពេល​ជិត​២​ឆ្នាំ​។​

​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ថា ការ​ប្រឈម​របស់​ពិភពលោក​ពី​វីរុស​បំ​ប្លែងខ្លួន អូ​មី​ក្រុង «​ខ្ពស់​ណាស់​»​ផ្អែក​លើ​ភស្តុតាង​ថ្មីៗ និង​អាច​នាំ​កំណើន​នៃ​ការឆ្លង​និង​«​ផលវិបាក​​ធ្ងន់ធ្ងរ​»៕