ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ ប្រជាពលរដ្ឋ​រាប់រយ​នាក់​នាំគ្នា​ដើរ​ដង្ហែ​និង​ឈរ​ត្រៀបត្រា​នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដោយសារតែ​មានការ​កោះហៅ តំណាង​សហគមន៍ ចំនួន​ប្រាំមួយ​នាក់ បំភ្លឺ​រឿង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង គំរាមកំហែង​ជេរប្រមាថ​ជា​សាធារណៈ​រឿង​ដី​សហគមន៍​នៅ​ស្រុក​ឱ​រ៉ា​ល់ ។ សកម្មភាព​តវ៉ា​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ដែល​លើកគ្នា​មក​ធ្វើ​ការតវ៉ា​នេះ ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​ការពារ​ដីព្រៃ​សហគមន៍ ឧ​ត្ត​ម​ស្រែ​ពស់​រាប់រយ​ហិកតា​ដែល​គេ​ដឹងថា មាន​ក្រុមមនុស្ស​មួយក្រុម អ្នកមាន​លុយ មានអំណាច បានដាក់​គ្រឿងចក្រ​មក​ធ្វើការ​ឈូសឆាយ​ចង់បាន​យកទៅ​ធ្វើជា​សម្បត្តិ​ផ្ទាល់ខ្លួន ហើយ​ករណី​បាន​កើតជា​យូរ​មកហើយ​រហូតមក​ទល់​ពេលនេះ​។ ប៉ុន្តែ​ត្រូវបាន​ប្រជា​សហគមន៍​ជាច្រើន​នាំគ្នា​ធ្វើការ​តវ៉ា ឃាត់​យក​គ្រឿងចក្រ​(​យកមក​រក្សាទុក​នៅផ្ទះ​របស់លោក ប្រធាន​សហគមន៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ ជំនាញ​ចាត់​បន្ត​តាមផ្លូវ​ច្បាប់​។ រហូតមកដល់​ពេលនេះ រឿងរ៉ាវ​ឈាន​មកដល់ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​កោះហៅ តំណាង​សហគមន៍ មក​សួរនាំ ក៏​ប្រជាពលរដ្ឋ​លើកគ្នា​មក​ធ្វើ​ការតវ៉ា​តែម្តងទៅ​។​

ជុំវិញ​បញ្ហា​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ករណីនេះ​មាន​មេធាវី​តំណាង​បានដាក់​បណ្ដឹង ក្រោយពី​គេ​ប្ដឹង​ទាមទារ ជំនាញ​បាន​កោះអញ្ជើញ​គាត់​តែ​ចំនួន​៤-៥​នាក់ ឱ្យមកធ្វើ​ការបំភ្លឺ តែ​ដល់​ពួកគាត់​ឡើងមក​គ្នាច្រើន​ដែល​មិនអាច​ដោះស្រាយ​គ្នា​កើត ។​

​លោកស្នងការ​បាន​បន្ត ពេលនេះ​ជំនាញ​បាន​ឲ្យ​គាត់​ត្រឡប់​ទៅវិញ ហើយ​រើស​ពេលវេលា​បន្ត​ដើម្បី​ដោះស្រាយ​គ្ន ។​មានន័យថា ថ្ងៃនេះ​យើង​អត់​បានធ្វើការ​ដោះ ស្រាយ​កើត​ទេ ដោយសារតែ​គាត់​លើកគ្នា​មក​ច្រើនពេក ។ ជាពិសេស​អ្នក​កាន់​សំណុំរឿង​គាត់​អត់​នៅ ដាក់ពាក្យ​សុំច្បាប់ យើង​ឱ្យ​គាត់​ត្រឡប់​ទៅវិញ​សិន​រង់ចាំ​។ កោះ​ពួកគាត់​ក៏​លើក​ក្រោយ​បន្តទៀត​៕​សរន​-PC