ដោយ​:​សុខុម​/​ស្ទឹងត្រែង​:ជនជាតិ​ចិន​ដែល​ផឹកស្រា​តាម​រថយន្ត​ទំនើប​ពីរ​គ្រឿង​ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​កាលពី​ថ្ងៃទី ២៩ វិច្ឆិកា​ម្សិលមិញ​នោះមក​ទល់នឹង​ថ្ងៃទី ៣០ ខែវិច្ឆិកា​ឆ្នាំ ២០២១​ត្រូវបាន​នគរបាល​ខេត្តស្ទឹងត្រែង​ដោះលែង​វិញ​ហើយ​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​២៩​វិច្ឆិកា​ម្សិលមិញ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​បាន​ឃាត់​រថយន្ត​ពីរ​គ្រឿង​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​ក្រោយពី​រថយន្ត​ទំនើប​ទាំង​នោះបាន​ដឹក​ស្រា​ពី​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​កម្ពុជា​-​ឡាវ​គោលបំណង​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​។​ក្រោយពី​ឃាត់ទុក​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​អស់​មួយ​យប់​នៅ​ព្រឹក​ឡើង​ថ្ងៃទី​៣០ ខែវិច្ឆិកា​ទើប​មានការ​ពិនិត្យ​ទៅលើ​ស្រា​ក្នុង​រថយន្ត​នោះ​។​ស្រា​ដែល​ដឹក​តាម​រថយន្ត​ពីរ​គ្រឿង​នោះ​មាន​ចំនួន​៨៦​កេស​។​ក្នុង​មួយ​កេស​មាន​ប្រាំមួយ​ដប​។​មួយ​ដប​មានតម្លៃ​ប្រហែល​៥០០​ដុល្លារ​។​គឺជា​ប្រភេទ​ស្រា​ចិន ដែល​គេ​នាំ​មកពី​ស្រុក​ចិន​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​តាម​ការត្រួតពិនិត្យ​និង​សាកសួរ​ព័ត៌មាន​ទៅលើ​ជនជាតិ​ចិន​ដែល​បើករថយន្ត​ដឹក​ស្រា​នោះមក​ឃើញថា​មិនមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ឡើយ​។​ស្រា​ដែលមាន​តម្លៃ​ថ្លៃ​ដឹក​មកពី​ស្រុក​ចិន​ទាំងនោះ​ក្នុង​គោលបំណង​យក​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ភ្នំពេញ​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខ​។​

​ក្រោយពី​រក​ពុំ​ឃើញ​បទល្មើស​ដើម្បី​ដាក់បន្ទុក​និង​មានការ​បញ្ជាក់​ផង​នោះ​រថយន្ត​និង​ជនជាតិ​ចិន​ត្រូវបាន​ដោះលែង​នៅ​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា​នេះ​៕​/PC