ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួល​ជួប​លោកស្រី ម៉ា​រៀម ស័​មេន (Mariam J. Sherman) នាយិកា​ធនាគារ ពិភពលោក ប្រចាំ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​ភាគ​ខាងកើត រួមទាំង​ប្រចាំ​នៅ​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ផងដែរ និង​សហការី ដើម្បី​ពិភាក្សា និង​វាយតម្លៃ​ជារួម​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​នានា ក្នុង​វិស័យ​កសិកម្ម​ដែល​គាំទ្រ​ដោយ​ធនាគារពិភពលោក ។​

​លោក រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ធនាគារពិភពលោក និង​សហការី​ទាំងអស់​នៅ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​អភិវឌ្ឍ​វិស័យ កសិកម្ម​នៅ​កម្ពុជា តាមរយ​:​គម្រោង ៖ ១- ការបែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការ អភិវឌ្ឍ​សេដ្ឋកិច្ច ជំហាន​ទី​១ ២ និង​ទី​៣ (Land Allocation for Social and Economic Development LASED I II and III) និង​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា​។​

​លោក រដ្ឋមន្ត្រី​បាន​បន្តថា​រាល់​គម្រោង ឬ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​របស់​ធនាគារ​ពិភពលោក បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល កែប្រែ​កម្រិតជីវភាព និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា សមស្រប ទំនើប ធន់​នឹង​ការប្រែប្រួល​អាកាស ធាតុ សុវត្ថិភាព​សង្គម​និង​បរិស្ថាន បរិ​យា​ប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់ រាជរដ្ឋាភិបាល​ដែល​ចង់​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ និង​ជាពិសេស​ឈាន​ជា​ជំហានៗ ឆ្ពោះ​ទៅជា​ប្រទេស​នាំចេញ​កសិផល​ទៅកាន់ ទីផ្សារ​អន្តរជាតិ​។

​លោក រដ្ឋមន្ត្រី​បញ្ជាក់ថា ការសម្រេច​ចក្ខុ​វិស័យនេះ​បាន ទាមទារ​ការចូលរួម​ពី​គ្រប់ ភាគី​ពាក់ព័ន្ធ រួមទាំង​វិស័យ​ឯកជន ដើម្បី​ជួយ​បំពេញ​តួនាទី​លើ​ការងារ​ផ្សព្វផ្សាយ បច្ចេកទេស ធាតុ​ចូល​កសិកម្ម ពូជ ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ខ្សែ​ច្រវាក់​ផលិតកម្ម ទីផ្សារ និង​បណ្តុំ​ផលិត​-​ផ្គត់ផ្គង់​-​ចែកចាយ​។ ករណីនេះ លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ ធនាគារពិភពលោក ពិនិត្យ​ពិចារណា​លើ​កម្មវត្ថុ​នៃ​កម្មវិធី​ដែល​បាននិងកំពុង​អនុវត្ត និង​កម្មវិធី​ផ្សេងៗ​ដែល​គ្រោង​នឹង​ជួយ​ដល់​កម្ពុជា​នាពេល​អនាគត​ធ្វើយ៉ាងណា​ឲ្យ​ស្រប ទៅនឹង​បរិបទ​នាពេល​បច្ចុប្បន្ន​គឺ​ការ​រស់ នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ការប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល អាកាសធាតុ និង​និរន្តរភាព ដែល​នឹង​នាំមក​នូវ​ការបង្កើន​ប្រាក់ ចំណូល វិបុលភាព និង​សុខុមាលភាព​យូរអង្វែង​សម្រាប់​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ចជាតិ​។​

​ឆ្លៀត​យក​ឱកាស​នេះ លោក រដ្ឋមន្ត្រី​បានស្នើ​ឲ្យ ធនាគារពិភពលោក​ពិចារណា​ផង ដែរ​លើ​អនុវិស័យ​ផលិតកម្ម​សត្វ ការកែច្នៃ​សាច់ សត្តឃាតដ្ឋាន​សត្វ វារីវប្បកម្ម ប្រពលវប្បកម្ម​កសិក​ម្ម ដើម្បី​លើកកម្ពស់​ប្រាក់ចំណូល​សម្រាប់​កសិក​រ​ងាយ​រងគ្រោះ ដែល​រស់នៅក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច និង​ដោយឡែក​គឺ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ គុណភាព និង​សុវត្ថិភាព​សាច់ ផលិតផល​សាច់ ធានា​សុខភាព​ដល់​អ្នក​បរិភោគ​។

​លោកស្រី ម៉ា​រៀម បាន​សម្តែង​នូវ​អំណរ​អរគុណ​ជូន​ចំពោះ​លោក រដ្ឋមន្ត្រី និង​សហការី ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​លើ​ការអនុវត្ត​គម្រោង​សម្រេច​ទទួលបាន​លទ្ធផល គួរ​ឲ្យ​កត់សម្គាល់​។ មិនតែប៉ុណ្ណោះ លោកស្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​នៃ​ការ ការអនុវត្ត​កម្មវិធី​ផ្សេងៗ សំដៅ​ដល់​ការកែប្រែ​កម្រិតជីវភាព កំណើន​ប្រាក់ចំណូល និង​ជំរុញ​កំណើន​កសិកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​បរិ​យា​ប័ន្ន​ដែល​ផ្តល់នូវ ផលិតផល​មានគុណ​ភាព សុវត្ថិភាព និង​អាហារូបត្ថម្ភ ដោយ​ត្រូវ​គិតគូរ​ខ្ពស់​ដល់​ការ គ្រប់គ្រង​ដីធ្លី ទឹក ធនធាន​ព្រៃឈើ និង​ជលផល​ប្រកបដោយ​និរន្តរភាព​”​។
​ចំពោះ​សំណើ និង​មតិ​កែលម្អ ឬ​ធាតុ​ចូលរួម​សំខាន់ៗ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី និង​ក្រុម ការងារ លោកស្រី​នឹង​យកទៅ​ពិនិត្យ ពិចារណា​ជាមួយ​ក្រុមការងារ ធ្វើយ៉ាងណា​កែ លម្អ​ឲ្យ​សមស្រប ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​នៅក្នុង​វិស័យ​ជាពិសេស​ឲ្យ​ស្រប ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វិដ​-១៩​។​

​សូម​អនុញ្ញាត​ជម្រាបជូន​ថា គម្រោង LASED II មាន​រយពេល ៥​ឆ្នាំ (២០១៦-២០២១) ថវិកា ១.០៨២.៧៧៦​ដុល្លារ​។ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៥.០៩១​គ្រួសារ​នឹង​ទទួលបាន​ដី សម្រាប់​រស់នៅ និង​ប្រក​របរ​កសិកម្ម (​ដាំ​ដុះ​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​) ក្នុង​ខេត្ត គោលដៅ ៖ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ និង​ត្បូងឃ្មុំ លើ​ផ្ទៃដី​សរុប​១៧.០០០ ហ​.​ត​។ គម្រោង LASED III ៖ រយៈពេល (២០២០-២០២៦) – ថវិកា ១០៧​លាន​ដុល្លារ (៩៣​លាន​ដុល្លារ កម្ចី​ពី ធនាគារពិភពលោក និង ១៤​លាន ថវិកាបដិភាគ​ពី​រាជ​រដ្ឋា ភិ​បាល កម្ពុជា​)​។ ខេត្ត​គោលដៅ ៖ ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្តស្ទឹងត្រែង​។ ដែល​ផ្តោត​ការ​វិ និ​យោគ​លើ​ប្រព័ន្ធ ធារាសាស្ត្រ​ខ្នាតតូច ផ្តល់​សេវា​គាំទ្រ​បច្ចេកទេស សម្រាប់​ការប្រកប​របរ​ចិញ្ចឹមជីវិត ផ្អែកលើ​កសិកម្ម​ជា​មូលដ្ឋាន កសិករ​ទទួលផល​ស​រុ​ប ១៥ ០០០​គ្រួសារ​។ ៣- គម្រោង​ពិពិធ​កម្ម​កសិកម្ម ៖ ថវិកា ១០១,៦៧ លាន​ដុល្លារ (​ធនាគារពិភពលោក ចំនួន ៩១,៦៧ លាន​ដុល្លារ​និង​រាជរដ្ឋាភិបាល ១០ លាន​ដុល្លារ​) រយៈពេល ២០១៩ -២០២៤​។ ខេត្ត​គោលដៅ ៖ កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​៕​/PC