ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​:​លោកស្រី​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​បាន​កោតសរសើរ​ចំពោះ ភាពជោគជ័យ ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​និង​បានបង្ហាញ​នូវ​បំណង​បន្ត​ពង្រឹង និង​ពង្រីក​ឲ្យ​ខ្លាំងក្លា​បន្ថែមទៀត​ជាមួយ​កម្ពុជា​។

​ការសរសើរ​នេះ​បានបង្ហាញ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​។​

​នៅក្នុង​ជំនួប​នេះ​លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត​បាន​លើកឡើង​អំពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង ប្រទេស​ទាំងពីរ​កម្ពុជា​-​សិង្ហ​បុរី ដែល​បាន​អនុវត្ត​កន្លងមក​និង​បានបង្ហាញ​នូវ​បំណង​បន្ត​ពង្រឹង​និង​ពង្រីក​ឲ្យ​ខ្លាំងក្លា​បន្ថែម ទៀត​។​លោកស្រី​បាន​កោតសរសើរ​ចំពោះ​ភាពជោគជ័យ​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​អបអរសាទរ​ចំពោះ​លោកស្រី​ឯកអគ្គរដ្ឋទូត​ថ្មី​និង​បានធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។​ជាពិសេស​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ក្នុង​កម្រិត​កងទ័ពជើងគោក ដូចជា​ការផ្លាស់ប្តូ​រទ​ស្សន​កិច្ច​សិក្សា​, លំ​ហាត់​ហ្វឹកហ្វឺន និង​ការជួយ​ឧ​ត្ថ​ម្ភ​គាំទ្រ​នានា​ជាដើម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សិង្ហ​បុរី​សម្រាប់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​សូម​គាំទ្រ​ចំពោះ​ទិសដៅ​ទៅមុខ​របស់​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ និង​ការពារជាតិ ដែលជា​កិច្ចសហប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​ដ៏​សំខាន់​៕ សរន​