ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បាន​អះអាង​តាម​បណ្តាញ​សង្គម​ថា ដោយសារតែ​មេរោគ​កូ​វីដ ១៩ បំប្លែង​ថ្មី អូ​មី​ក្រុន គណប្រតិភូ​ស៊ីម៉ាក់ ដែល​គ្រោង​ចេញដំណើរ​ទៅ ប្រជុំ​មួយ នៅ​ស្វី​សអា​ចនឹង​ខកខាន ។

​លោក​បាន​ចែករំលែក​ថា សង្គ្រាម​កូ​វីដ​នេះ ពិតជា​លំបាក​ខ្លាំងណាស់​សំរាប់​មនុស្សលោក​លើ​ផែនដី​នេះ​! រាជរដ្ឋាភិបាល​បាន បើក​ប្រទេស​បន្ធូរ​សភាពការណ៍ ឥឡូវនេះ​មាន​មេរោគ​ថ្មី ដែលមាន​ឈ្មោះថា អូ​មី​ក្រុន (OMICRON) ចេញមុខ​មកទៀត​ហើយ និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ប្រកាសអាសន្ន​ជាថ្មី​បន្ថែមទៀត​! ។​

​លោក​បាន​បន្តថា នៅ​ពាក់​កណ្តាលខែ​វិ​ចិ្ឆ​កា​នេះ គណប្រតិភូ​អង្គភាព​ស៊ីម៉ាក់ ត្រៀម​ចេញដំណើរ​ទៅ​ប្រជុំ​នៅ​ប្រទេស​ហូ​ឡង់​ហៀ​ប​ឡើង​យន្តហោះ​ទៅហើយ ស្រាប់តែ​ទទួល​សារ​ពី​ហូ​ឡង់​មក​លុបចោល​ការប្រជុំ ព្រោះ​រលក​កូ​វីដ​ទី​៥​កំពុង​វាយលុក​ប្រទេស​ហូ​ឡង់​ដែរ មាន​ស្អី​ធូរទ្រូង​ម្តង​ទៅ ស្រាប់តែ​ក្នុង​ខែធ្នូ​នេះ មានការ​អញ្ជើញ​ឱ្យទៅ​ប្រជុំ​នៅ​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​វិញ​ម្តង ! ។​

​លោក​បាន​បញ្ជាក់ថា ” ថា​មិន​ចង់ទៅ​នៅឡើយ​ទេ តែ​អ្នក​អញ្ជើញ​ក៏​ស្វិតស្វាញ​ណាស់ដែរ តាម​ចេញ​ការចំណាយ​ទាំងស្រុង​មិនឱ្យ​លំបាក​ទេ ហើយ​ថា​គួរតែ​ជួប​មុខ​គ្នា​ផ្ទាល់​ម្តង​ខាន​ជួបគ្នា​ជិត​២​ឆ្នាំ​ហើយ​ជួបតែ​តាម​អេក្រង់​អញ្ចឹង​មិនសូវ​ល្អ​។ ដូចនេះ​ក៏​សំរេច​ថា ប្រតិភូ​អង្គភាព​ស៊ីម៉ាក់​ទៅ​ស្វី​ស​ក៏​ទៅ តែ​ឥឡូវនេះ​បែប​ត្រូវ​វេរ​សំបុត្រ​យន្តហោះ​ជូន​វិញ​ហើយ​” ៕​