​ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​កំណាត់​ផ្លូវ​លេខ​៧០​អា នៅ​ភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​ដែល​បាន​ផ្អាក ចរាចរណ៍​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​មួយរយៈ​ដោយសារតែ​ការបាក់​ច្រាំង​ដាច់​ដល់​ផ្លូវ​នោះ ពេលនេះ​អាចធ្វើ​ចរាចរ​ឆ្លងកាត់ បាន​វិញ​ហើយ​សម្រាប់​រថយន្ត​ប្រភេទ​ទេ​សចណ៍​បន្ទាប់ពី​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានធ្វើការ​ទប់ស្កាត់​ការបាក់​រាលដាល​ជា​បណ្តោះអាសន្ន​រួចមក​។​

​លោក ម៉ៅ ហាក់ មន្ត្រី​ជំនាញ​ជលសា​ស្ត្រ​ដែលជា​ដឹកនាំ​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ធ្វើការ ទប់ស្កាត់​ការបាក់​រាលដាល​ច្រាំងទន្លេ​ដល់​ផ្លូវ​លេខ ៧០A បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ថា ការងារ​ការពារ​ច្រាំងទន្លេ​មេគង្គ​បន្ទាន់ និង​បណ្តោះអាសន្ន នៅ​ភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​ដោយ​ចាក់​ខ្សាច់​ជើង​ក្រោម​និង​រៀប​បាវ​ច្រក​ខ្សាច់​បំពេញ​កន្លែង​បាក់​និង​បាន​ចាក់​ថ្ម​បំពេញ​លើ​ខ្នង​ផ្លូវ​រួចរាល់​អាចធ្វើ​ចរាចរណ៍​បាន​ឡើងវិញ​ហើយ សម្រាប់តែ​រថយន្ត​ទេ​សចណ៍ នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​នេះ​។​

រំលឹក​ឱ្យដឹងថា​ចំណុច​ផ្លូវ​ខាងលើ​ត្រូវ​ច្រាំងទន្លេ​បាក់​ដាច់​ដល់​ពាក់កណ្តាល​ផ្លូវ​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ភ្លាមៗ​នោះ លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជូន​ក្រុមមន្ត្រី​ចុះទៅពិនិត្យ​និង​ធ្វើការ​ទប់ស្កាត់​ការបាក់​រាល​ធ្វើយ៉ាងណា​ឱ្យ​ផ្លូវ​នេះ​អាចធ្វើ​ចរាចរណ៍​បាន​ឡើងវិញ​ជា​បណ្តោះអាសន្ន​។
​នៅ​ចំណុច​ខាងលើនេះ​ក្រសួង ធនធានទឹក និង​ឧតុនិយម មាន​គម្រោង​រៀបចំ​ការពារ​ច្រាំងទន្លេ​ឲ្យ​បាន​រឹងមាំ នៅ​តំបន់​នេះ ប្រវែង ៨០០ ម៉ែត្រ មាន ២​ជំហាន (​ជំហាន​ទី ១ ប្រវែង ៤១០ ម៉ែត្រ និង​ជំហាន​ទី​២ ប្រវែង ៣៩០​ម៉ែត្រ ) ដោយ​រៀប​ដាក់​ប្រអប់​ថ្ម (Gabion Boxs) នៅ​រដូវប្រាំង​នេះ ខាងមុខ ៕​សរន​