​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បាន​អញ្ជើញ​ទស្សនា​ស្នាដៃ​សិល្ប​:​ដែល​សម្តែង​ដោយ​សិស្សានុសិស្ស​សាលា​មធ្យម​វិចិត្រសិល្បៈ ដែល​នឹង​បញ្ចប់​សញ្ញាបត្រ​សិល្បៈ និង​ស្នាតក​ប​ត្រ​សិល្បៈ ។​

​ស្នាដៃ​ទាំងនោះ​រួមមាន របាំ​កៃលាស ជា​ស្នាដៃ​របស់​សិស្ស​បានបញ្ចប់​ការប្រលង​ស្នាតក​ប​ត្រ​សិល្បៈ​, ទី​២ សិល្បៈ​សៀក «​បាល់​បោក​» ជា​ស្នាដៃ​របស់​សិស្ស​បានបញ្ចប់​ការប្រលង​សញ្ញាបត្រ​សិល្បៈ​, ទី​៣ ល្ខោននិយាយ​រឿង «​អូ​តែ​ល​ឡូ​» ជា​ស្នាដៃ​របស់​សិស្ស​បានបញ្ចប់​ការប្រលង​ស្នាតក​ប​ត្រ​សិល្បៈ​, ទី​៤ របាំ​ប្រពៃណី «​ឆៃយ៉ាំ​ភូមិ​ខ្ញុំ​» ជា​ស្នាដៃ​របស់​សិស្ស​បានបញ្ចប់​ការប្រលង​ស្នាតក​ប​ត្រ​សិល្បៈ​, ទី​៥ ល្ខោន​យីកេ រឿង «​សូរិយា​វង្ស​» ជា​ស្នាដៃ របស់ សិស្ស បានបញ្ចប់​ការប្រលង ស្នាតក​ប​ត្រ​សិល្បៈ​, និង​ទី​៦ ការសម្តែង​ល្ខោន​រឿង «​ប្រស្នា​បុប្ផា​ទាំង​៤» ជា​ស្នាដៃ របស់ សិស្ស បានបញ្ចប់​ការប្រលង ស្នាតក​ប​ត្រ​សិល្បៈ​។​

​ក្រោយ​បញ្ចប់​ការសម្តែង​ស្នាដៃ​សិល្បៈ​ទាំង​០៦​នេះហើយ លោកស្រី​រដ្ឋមន្ត្រី បាន​សម្តែង​ការ​កោត សរសើរ ក៏ដូចជា​ថ្លែងអំណរគុណ​ដល់ ថ្នាក់ដឹកនាំ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ទាំងអស់ បាន​ខិតខំ​ប្រឹង ប្រែង​ក្នុង​ក្រេប​យកចំណេះ​ដឹង​ផ្នែក​បច្ចេកទេស​សិល្បៈ​ទាំងអស់​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ បើទោះបីជា ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​

​លោកស្រី​រដ្ឋមន្ត្រី បាន​បន្ត​លើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស នៃ សាលា​មធ្យម​វិចិត្រសិល្បៈ​ទាំងអស់ ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាង ប្រឹងប្រែង​រៀនសូត្រ ទាំង​ចំណេះ​បច្ចេកទេស និង​ចំណេះដឹង​ទូទៅ បន្ត​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម លើកស្ទួយ ការពារ​មរតក វប្បធម៌​ដ៏​មានតម្លៃ​របស់​ដូនតា ដែល​បាន​បន្សល់ទុក​ឲ្យ​៕​