ដោយៈ ជា សីហៈ​/​ភ្នំពេញៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា​រណះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី ខា​រ៉េ​ន ម៉ូ​រ៉េ​ណូ ( Caren MORENO) ឯកអគ្គរដ្ឋទូត នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ។​

​ជាមួយនឹង​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្មវិធី កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ចាប់​តាំង ពី​ឆ្នាំ ២០០៥ រហូតមកដល់​បច្ចុប្បន្ន ក៏ដូចជា​ការគាំទ្រ​ចំពោះ​កម្មវិធី​កែទម្រង់​ផ្សេងៗ ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​, លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ថា ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​ហានិភ័យ​ចម្បងៗ​ជាយថាហេតុ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ និង​កំពុង​ជំរុញ​ដាក់​ឲ្យ​អនុវត្ត នាពេល​ឆាប់ៗ​ខាងមុខនេះ​នូវ “​ក្របខណ្ឌ យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ ជាមួយ កូ​វីដ​៥-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣ ដែល​ឈរលើ​សសរ ស្តម្ភ​បី (​ហៅថា 3Rs)​គឺ​+ សសរស្តម្ភ​ទី ១ “ ការស្តារ​(Recovery)”, សម្រាប់​ស្ដារ ឡើងវិញ នូវ​វិស័យ​ដែល​ទទួលរង​នូវ​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​របស់​ជំងឺ កូ​វឹដ ១៩; សសរស្តម្ភ​ទី ២ “​ការកែទម្រង់ (Reforms)”, កែទម្រង់​គ្រប់ផ្នែក គ្រប់​វិស័យ​សម្រាប់ ទាក់ទាញ​ការវិនិយោគ និង​សសរស្តម្ភ​ទី ៣ “​ការកសាង​ភាព​ធន់ (Resiliency)” ដើម្បី​ធានាបាន​នូវ​ចីរភាព​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង ជា ដើម ។​

​លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​ថ្លែង​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រហូតដល់​សម្រេចបាន​នូវ សមិទ្ធផល​ជាច្រើន និង​ចាត់ ទុក​ថា​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា​រណះ​គឺជា “​ឆ្អឹងខ្នង​” ដើម្បី​គាំទ្រ ការកែ ទម្រង់​វិស័យ​ផ្សេងទៀត​សំដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ ជោគជ័យ ចីរភាព និង​បរិ​យា​ប័​ន្ទ ។ សម្រាប់​ជំហាន បន្ទាប់​, សហភាព​អឺរ៉ុប​នឹង​បន្ត​ការគាំទ្រ​ដល់ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​លោកស្រី​បាន​ជម្រាប បន្ថែមថា : ក្របខណ្ឌ​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប​នឹង​ផ្ដោតលើ​សមាសធាតុ​គន្លឹះ​នៃ​ការកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រួមមាន​+ ការពង្រឹង​ការ​កៀរគរ ចំណូល​ក្នុង ស្រុក ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ថវិកា​ផ្សារភ្ជាប់ ទៅនឹង​គោល នយោបាយ​, ការគ្រប់គ្រង​វិនិយោគសាធារណៈ​ផ្សារភ្ជាប់​ជាមួយ​ការ ប្រែប្រួល​អាកាសធាតុ និង​ការពង្រឹង​ប្រសិទ្ធភាព​លទ្ធកម្ម សាធារណៈ ។​

​ជាថ្មី​ម្តងទៀត​, លោក​ឧបនាយករដ្ឋមន្ត្រី ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សហភាព​អឺរ៉ុប ដែល​បានទទួល​ស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល កម្ពុជា​កន្លងមក ពិសេស ទាំង​ជា ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ បច្ចេកទេស ដល់​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​បាន​គូសបញ្ជាក់ថា ការដ្ឋាន​កែទម្រង់​អាទិភាព​ដែល​បានស្នើ​ឡើង​ដោយ ប្រតិភូ​សហភាព​អឺរ៉ុប ស្របតាម​អាទិភាព​នៃ​កម្ម វិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ វត្ថុ​សាធារណៈ ដំណាក់កាល​ទី ៣ បូក​២ និង​យុទ្ធសាស្ត្រ​ស្នូល​នៃ​កម្មវិធី​កែទម្រង់​ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា​រណះ​កម្ពុជា ជាមួយគ្នានេះ​ដើម្បីឱ្យ​ការរៀបចំ​ក្របខណ្ឌ លទ្ធផល​សម្រាប់​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​នេះ បាន​ឆាប់រហ័ស លោក បាន​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ទាំង ពីរ​ភាគី ខាង​រាជរដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ធ្វើការ​រួមគ្នា​ឲ្យ​បាន​ឆាប់ ៕​/PC