ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅថ្ងៃត្រង់ថ្ងៃទី៣០ខែ​វិច្ឆិកានេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យក្រោយពីបានជួបពិភាក្សាការងារជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំស្ថាប័ននិតិបញ្ញត្តិនិង ចូលក្រាបបង្គំគាល់ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី ៣០ ខែ​វិច្ឆិកា ​ឆ្នាំ ២០២១។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះលោកនាយករដ្ឋមន្ត្រី ផនខាំ វីផាវ៉ាន់ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យនិងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ,ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា,ចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា​ព្រមទាំងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

នៅក្នុងជំនួបខាងលើនេះភាគីទាំងពីរបានឯកភាពគ្នាខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និង បន្តទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាអ្នកជិតខាងគ្នាល្អពាន់ ឆ្នាំរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ,ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរបានប្តេជ្ញាគាំទ្រគ្នាទៅវិញទៅ មកក្នុងវេទិកាតំបន់និងពិភពលោក ជាពិសេសគឺក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន យន្តការសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ និង នៅអង្គការសហប្រជាជាតិ។

នៅក្នុងឱកាសជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីទាំងពីរនេះកម្ពុជាបានផ្ដល់ជំនួយចំនួន ១៣ លានដុល្លារនិងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត និងរថយន្តសម្រាប់ដឹក វ៉ាក់សាំងចំនួន ២ គ្រឿងដល់រដ្ឋាភិបាលនិងប្រជាជនឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ក្នុងនោះចំណោមជំនួយថវិកាទាំង ១៣ លានដុល្លារនោះមានថវិកា៣លាន ដុល្លាររបស់រាជរដ្ឋាភិបាលនិង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជននៅកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចរបសើលោកនាយករដ្ឋមន្រ្តីឡាវនាពេលនេះក៏មានជំនួបទ្វេភាគីថ្នាក់រដ្ឋមន្រ្តីនៃប្រទេសទាំងពីរផងដែរដូចជាជំនួបរដ្ឋមន្រ្តីការពារជាតិកម្ពុជា-ឡាវ,ជំនួ បរដ្ឋមន្រ្តីសុខាភិបាលកម្ពុជា-ឡាវ និង ជំនួបរដ្ឋមន្រ្តីរ៉ែនិងថាមពលកម្ពុជា-ឡាវ ។ ជំនួបរវាងរដ្ឋមន្រ្តីនៃប្រទេសទាំងពីរគឺសុទ្ធបានផ្តោតសំខាន់ទៅលើការពង្រឹង និង ពង្រីកកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញជាការរួមចំណែកក្នុងការបន្តពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងសាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែងនិងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធរវាងប្រទេសទាំងពីរក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិ ភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕