​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប្រភព​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​ថា​ធនាគារ​ពិភពលោក​នឹង​ពិចារណា​លើ​ផែនការ​សម្របសម្រួល​មួយ​​ដើម្បី​បញ្ចេញ​ជំនួយ​មនុស្សធម៌​សម្រាប់​អា​ហ្វ​ហ្គានី​ស្ថាន​ដោយ​បង្វែរ​ចេញពី​មូលនិធិ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​ប្រទេស​នេះ​ឡើង​វិញ​។​

​ប្រភព​បាន​និយាយ​ដោយ​មិន​បញ្ជាក់​លម្អិត​ថា​គណៈ​គ្រប់គ្រង​របស់​ធនាគារ​នឹង​ពិភាក្សា​អំពី​សំណើ​នេះ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ក្រៅផ្លូវការ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បង្វែរ​មូលនិធិ​ពី​មូលនិធិ​​កសាង​អា​ហ្វ​ហ្គានី​ស្ថានឡើងវិញ (ARTF)”​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​តាមរយៈ​អង្គការសហប្រជាជាតិ​និង​ទីភ្នាក់ងារ​មនុស្សធម៌​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​និង​សមត្ថភាព​ភ​ស្តុ​​ភារ​នៅក្នុង​ប្រទេស​នេះ​”​។

​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​ប្រហែល ២២ លាន​នាក់ ឬ​ជាង​ពាក់កណ្តាល​ប្រទេស​នឹង​ប្រឈម​មុខ​នឹង​ការខ្វះខាត​ស្បៀង​អាហារ “​ធ្ងន់ធ្ងរ​” នៅក្នុង​ខែ​រដូវរងា​ដោយសារ​​តែ​ផលប៉ះពាល់​នៃ​គ្រោះ​រាំងស្ងួត​ដែល​បណ្តាល​មកពី​ការឡើង​កម្តៅ​ផែនដី និង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ក្រោយ​ការកាន់កាប់​របស់​ពួក​តា​លី​បង់​កាលពី​ខែ​សីហា​។​

​វិបត្តិ​ហិរញ្ញវត្ថុ​គឺ​កាន់តែ​អាក្រក់​ទៅៗ បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​បង្កក​ប្រាក់​បម្រុង​របស់​ប្រទេស​នេះ​ប្រហែល ១០ ពាន់​លាន​ដុល្លារ​ហើយ​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែម​ទៀត​បន្ទាប់​ពី​ធនាគារពិភពលោក​​និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​បញ្ឈប់​លទ្ធភាព​របស់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានក្នុង​ការទទួលបា​ន​មូលនិធិ​។​

​ចំណាត់ការ​របស់​ធនា​គារ​ពិភពលោក​គឺជា​ផ្នែក​មួយ​នៃ​ការសម្របសម្រួល​មួយ​ដែល​បាន​ធ្វើឡើង​ជាមួយ​អង្គកា​រ​សហប្រជាជាតិ និង​រដ្ឋាភិបាល​អាម៉េរិក ហើយ​អាច​បង្វែរ​ប្រាក់​រហូតដល់ ៥០០​លាន​ដុល្លារ​​ពី​មូលនិធិ ARTF ទៅ​អង្គការ​មនុស្សធម៌​នានា​៕

ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​ប្រហែល ២២ លាន​នាក់ ឬ​ជាង​ពាក់កណ្តាល​ប្រទេស​នឹង​ប្រឈម​មុខ​នឹង​ការខ្វះខាត​ស្បៀង​អាហារ “​ធ្ងន់ធ្ងរ​” នៅក្នុង​ខែ​រដូវរងា