​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ កោះ​បា​បា​ដូ​ស​បាន​ប្រកាស​នាងរី​ហា​ណា​ជា​វីរនារី​ជាតិ​ក្នុងការ​ប្រារព្ធ​ពិធី​ក្លាយជា​សាធារណរដ្ឋ​របស់​ខ្លួន​នៅ​ទីក្រុង​ប្រ៊ី​ដ​ថោ​ន​។​

​នាយករដ្ឋមន្ត្រី មៀ ម៉ូត​ត្លី បានប្រកាសថា កំពូល​តារាចម្រៀង​វ័យ ៣៣ ឆ្នាំ​រូប​នេះ​នឹង​ទទួលបាន​កិត្តិយស​ជា​វីរនារី​ជាតិ​របស់​បា​បា​ដូស​ដើម្បី​ជា​ការអបអរសាទរ​។

​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​នាង​រី​ហា​ណា​ថា “​សូម​ឱ្យ​អ្នក​បន្ត​រះ​ចែងចាំង​ដូច​គ្រាប់ពេជ្រ​និង​នាំមក​នូវ​កិត្តិយស​ដល់​ប្រទេស​ជាតិ​ដោយ​ស្នាដៃ​របស់​អ្នក ដោយ​សកម្មភាព​របស់​អ្នក​”​។ ​លោកស្រី​នាយករដ្ឋមន្ត្រី​និយាយ​បែប​នេះ​គឺ​សំដៅលើ​បទ​ចម្រៀង “Diamonds” បំបែក​ឯតទគ្គ​កម្ម​ឆ្នាំ ២០១២ របស់​នាង​។​

​តារា​ចម្រៀង​រូប​នេះ​បាន​កើត​នៅ​លើ​កោះ​នៃ​តំបន់​កា​រ៉ា​អ៊ី​ព​មួយ​នេះ ហើយ​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ដោយ​រដ្ឋាភិបាល​ប្រទេស​កំណើត​របស់​នាង​ក្នុង​ឆ្នាំ ២០១៨ ។ នាង​ត្រូវបាន​ផ្តល់​ភារកិច្ច​ក្នុង​ការលើកកម្ពស់​ការ​អប់រំ ទេសចរណ៍ និង​ការវិនិយោគ​សម្រាប់​កោះ​នេះ​។​

​កោះ​បា​បា​ដូស ដែល​មាន​ទីតាំង​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ព បាន​ក្លាយជា​សាធារណៈរដ្ឋ​ជា​ផ្លូវការ ដោយ​ដក​ម្ចាស់​ក្សត្រិយ៍​អង់គ្លេស អេ​លីហ្សា​បេ​តទី​២ ចេញពី​តំណែង​ជា​ប្រមុខរដ្ឋ​៕

​នាង​រី​ហា​ណា​ក្លាយ​ជា​វីរនារី​បា​បា​ដូស​ក្រោយ​កោះ​នេះ​ក្លាយ​ជា​សាធារណរដ្ឋ​