ដោយៈម៉េងឆៃ / ភ្នំពេញៈកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសសម្រេចដាក់ ចេញនូវវិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យ ខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសមេរោគកូវីដ បំប្លែងថ្មី អូមីក្រុង ទើបរកឃើញនៅអាហ្វ្រិកខាងត្បូង ដែលឆ្លងខ្លាំងជាង ដែលតា ទៅទៀត។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកនៅព្រឹកថ្ងៃទី៣០ ខែវិចិ្ឆកា អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចមួយផ្សេងទៀត ដោយលុបចោលនូវការសម្រេចកាលពីយប់។ នោះគឺសេចក្តីសម្រេចថ្មី បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី។
តាមសេចក្តីសម្រេច អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកឱ្យបើកដំណើរការឡើងវិញពិតមែនតែត្រូវតែអនុវត្តតាមគន្លង ប្រក្រតីភាពថ្មី ហើយអ្នកចេញចូលទាំងអស់ ត្រូវតែបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ វិធានការ «៣ ការពារ និង ៣ កុំ» រួមទាំងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ រួមមាន ការវាស់កម្តៅការធ្វើអនាម័យនិងការបាញ់ថ្នាំសម្លាប់មេរោគជាដើមដើម្បីការពារនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវសហការចុះណែនាំ និងត្រួតពិនិត្យនូវការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវហាងខារ៉ាអូខេ រង្គសាល និងឌីស្កូតែក រួមទាំងវិធាការទប់ស្កាត់ និងការពារការឆ្លងកូវីដ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងករណីរកឃើញម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្តូតែកណាមួយ មិនអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំនេះ ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង។
ចំពោះបុគ្គលល្មើសនឹងការកំណត់លើការអនុញ្ញាតឲ្យបើកខារ៉ាអូខេ រង្គសាល និងឌីស្កូតែកនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។
ក្នុងរយៈកាលកន្លងមក ទោះបីជានៅជាប់បម្រាម ហាមមិនឲ្យបើកដំណើរការឡើងវិញ ក៏ពិតមែន តែក៏មានហាងខារ៉ាអូខេ រង្គសាល និងឌីស្កូតេកមួយចំនួន បានប្រែក្លាយទៅជាភោជនីយដ្ឋាន តាមការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាល។ នោះគឺនៅបន្ទប់ខារ៉ាអូខេ មានថែមតុមូលមួយ នៅចំកណ្តាល បើកទទួលភ្ញៀវចូលផឹកស៊ី ច្រៀងរាំ ដោយមានទាំងស្រីកំដរ អង្គុយកៅអីម៉ាសប្បាយ តាមបែបគន្លងថ្មី។
មួយវិញទៀត តាំងពីមុនបើកប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺហាងផឹកស៊ីក៏បានបើកដំណើរការ ឡើងវិញមានអ្នកចូលពេញៗពិសេសយុវវ័យដោយមិនបានអនុវត្តឲ្យបានត្រឹមត្រូវនូវការពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាពនោះឡើយ។ នេះសំណាងហើយ ដែលប្រទេសយើង មិនមានការផ្ទុះឆ្លងរាលដាលសហគមន៍ក្នុងរលកថ្មីឡើងវិញ តែបើមានឆ្លងរាលដាលវិញ គឺច្បាស់ជាត្រូវឆ្លងច្រើនជាមិនខាន។
យ៉ាងណាក៏ដោយ នៅចំពោះមុខការអនុញ្ញាតឲ្យបើកហាងខារ៉ាអូខេ ច្រៀងរាំ រង្គសាល និងឌីស្កូតែកឡើងវិញ នៅភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះតទៅ បានធ្វើឡើង ខណៈដែលមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី ឈ្មោះ អូមេក្រុង នៅអាហ្វ្រិកកណ្តាល ហើយរកឃើញនៅបណ្តាប្រទេសមួយចំនួន ជាបន្តបន្ទាប់។
កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេច ហាមឃាត់អ្នកដំណើរ មកពីប្រទេសចំនួន ១០ ស្ថិតក្នុងទ្វីបអាហ្វ្រិក មិនឱ្យចូលកម្ពុជាឡើយ។ ការហាមឃាត់ ដែលត្រូវអនុវត្ត ៤៨ម៉ោង ក្រោយប្រកាសនេះ បានធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ប្រភេទ អូមីក្រុង ដែលទើបរកឃើញថ្មី។ ប្រទេសទាំង ១០នោះ រួមមាន៖ ១-បត់ស្វាណា ២- អេស្វាទីនី ៣-ឡេសូតូ ៤- ម៉ូហ្សំប៊ីក ៥-ណាមីបៀ ៦-អាហ្វ្រិកខាងត្បូង ៧-ហ្ស៊ីមបាវេ ៨-ម៉ាឡាវី ៩-អង់ហ្គោឡា និង ១០-ហ្សំប៊ី។
រហូតដល់ថ្ងៃទី៣០វិច្ឆិកា ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជា ត្រូវបានរកឃើញថយចុះជាបន្តបន្ទាប់ មកនៅត្រឹមតែជាង ២០នាក់ ក្នុង ១ថ្ងៃ តែនៅមានអ្នកស្លាប់ដោយសារកូវីដ ចន្លោះពី ៤នាក់ ទៅ ៥នាក់ រៀងរាល់ថ្ងៃដដែល។
ម្យ៉ាងទៀត ទាំងក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជា អង្គការសុខភាពពិភពលោក បានបង្ហាញការព្រួយបារម្ភ អំពី វីរុសកូវីដ បំប្លែងខ្លួនថ្មី អូមីក្រុង ទោះបីកម្ពុជា សម្រេចបានអត្រាអ្នកចាក់វាក់សាំងកូវីដខ្ពស់ក៏ដោយ។ មកដល់ថ្ងៃទី៣០វិច្ឆិកា ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីអាយុ ៥ឆ្នាំឡើង មានដល់ជាង ១៤លាននាក់ ហើយអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង ត្រូវចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ហើយក៏បានចាក់រួចស្ទើរតែគ្រប់គ្នា។
ដូច្នេះអំឡុងពេលកម្ពុជាយើង នៅបន្តបើកប្រទេសឡើងវិញ ចាប់តាំងពីថ្ងៃទី១វិច្ឆិកា ដែលក្នុងនោះ អ្នកធ្វើដំណើរចូលកម្ពុជា មិនថា ខ្មែរ ឬបរទេសទេ ឲ្យតែចាក់វ៉ាក់សាំងរួច មិនចាំបាច់ធ្វើចត្តាឡីស័កឡើយ បូករួមទាំងការបើកដំណើរការឡើងវិញ លើគ្រប់វិស័យ ហើយពេលនេះ ហាងខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ក៏ដំណើរការឡើងវិញ គឺគួរតែយើងម្នាក់ៗ បន្តបង្កើនការប្រុងប្រយ័ត្ន និងការពាររៀងៗខ្លួន។ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងលាងដៃញឹកញាប់នឹងជែល ឬអាល់កុល នៅតែជាវិធានការសាមញ្ញ និងចាំបាច់ដដែល។
ជាការពិត ករណីផ្ទុះឆ្លងរាលដាលកូវីដក្នុងសហគមន៍នៅក្នុងប្រទេសយើង ច្បាស់ណាស់ថា ១ខែមកហើយនេះ មិនមានផ្ទុះឡើងវិញទេ ចាប់តាំងពីការបើកប្រទេសឡើងវិញ។ តែអ្វីដែលសំខាន់ ហើយមិនអាចខ្វះបាននោះ គឺការទប់ស្កាត់កូវីដ ឆ្លងដែន ជាពិសេសកូវីដបំប្លែងថ្មី អូមីក្រុង នេះឯង។
បើអាច គឺក្រៅពីបិទខ្ទប់ជើងហោះហើរ និងការធ្វើដំណើរពី ១០ប្រទេសនៅអាហ្វ្រិក ដែលជាប្រភពឆ្លងរាលដាល អូមីក្រុង កម្ពុជាយើងក៏គួរតែតម្រូវឲ្យអ្នកដំណើរទាំងអស់ មិនថា ខ្មែរ ឬបរទេស ត្រូវធ្វើចត្តាឡីស័កបន្ថែមលើការត្រួតពិនិត្យសុខភាព ហ្មត់ចត់ និងការធ្វើតេស្តរកមេរោគកូវីដ ទាំងមុនពេលមកដល់ និងទាំងពេលមកដល់កម្ពុជាយើង។ សូមចងចាំថា អ្វីក៏ដោយ យើងត្រូវតែការពារ ទើបប្រសើរជាងព្យាបាល ហើយគ្រប់គ្នា ក៏មិនត្រូវភ្លេចខ្លួន ជាដាច់ខាត៕សរន