ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ថ្ងៃត្រង់​ទី​៣០​ខែវិច្ឆិកា​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឡាវ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ (Phankham Viphavanh)​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ជោគជ័យ​ក្រោយពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​និង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ទស្សនកិច្ច​នេះ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៩​ដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១​។​

​ទន្ទឹមនឹង​ការបញ្ចប់​ទស្សនកិច្ច​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ល្ងាច​ថ្ងៃទី​៣០​ខែវិច្ឆិកា​នេះ​លោក​បាន​បង្ហោះ​សារ​ដែលមាន​ខ្លឹមសារ​ថា “​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដ៏​វិសេសវិសាល​របស់ ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឡាវ​”​។​

​លោក​បន្តថា​ជាការ​ពិតណាស់ កម្ពុជា និង​ឡាវ​មាន​ចំណងមិត្តភាព​យូរអង្វែង ព្រោះ​យើង​មាន​ព្រំប្រទល់​ជាមួយគ្នា និង​លក្ខណៈ​ស្រដៀង​គ្នា​ជាច្រើន​លើ​ផ្នែក​វប្បធម៌ និង​ប្រពៃណី​។ ប៉ុន្តែ​សំខាន់​ជាងនេះទៅទៀត យើង​មាន​ទស្សនៈវិស័យ​រួមគ្នា និង​ឆន្ទៈ​ខ្ពស់​ក្នុងការ​ស្វែងរក​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សម្រាប់​តំបន់​របស់​យើង និង​ពិភពលោក​។
​យើង​ក៏​សង្ឃឹមថា​ជំនួយ​ជា​ថវិកា ១៣ លាន​ដុល្លារ​អាមេរិក វ៉ាកសាំង​ស៊ី​ណូ​វ៉ា​ក់ ៥០ ម៉ឺន​ដូ​ស និង​រថយន្ត​ពីរ​គ្រឿង​ដល់​រដ្ឋាភិបាល​ឡាវ​នឹងចូលរួម​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕​សរន​

រូបថតៈកម្ពុជា និង​ឡាវ​មាន​ចំណងមិត្តភាព​យូរអង្វែង​…​យើង​មាន​ទស្សនៈវិស័យ​រួមគ្នា និង​ឆន្ទៈ​ខ្ពស់​ក្នុងការ​ស្វែងរក​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សម្រាប់​តំបន់​របស់​យើង និង​ពិភពលោក​