ដោយៈ ជា សីហៈ​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង លោក ដាវ​វង្ស ផុន​កែវ ( Daovong Phonekeo )​រដ្ឋមន្ត្រី​ថាមពល​និង​រ៉ែ ឡាវ បាន​ជួប​ពិភាក្សាគ្នា ។

​នៅក្នុង​ជំនួប​នោះ លោក ស៊ុយ សែន បាន​ជម្រាបជូន​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ថាមពល​របស់​កម្ពុជា និង​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ថាមពល​ថ្មី​ឆ្នាំ​២០២២-២០៤០​។ ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រី ក៏បាន​ចែករំលែក​អំពី​គម្រោង​នៃ​ការគិតគូរ​អំពី​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការបង្កើន​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​និង​ប្រភព​ថាមពល​ផ្សេងទៀត​ដែល​មិន​គ្រោះថ្នាក់​ដល់​បរិស្ថាន ការមិន​រៀបចំ​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​ថ្មី​បន្ថែមទៀត​ទេ ក្រៅពី​គម្រោង​ដែល​រាជរដ្ឋាភិបាល​សម្រេច​រួច​តាំងពី​ឆ្នាំ​២០១៩ ដោយ​ប្តូរ​មកប្រើប្រាស់​ប្រភព​ថាមពល​កាបូន​ទាប ដូចជា​ឧស្ម័ន​ធម្មជាតិ​នាំចូល​ប្រភេទ LNG ឬ​អ៊ីដ្រូសែន​ជំនួស​វិញ ។

​ដោយឡែក លោក រដ្ឋមន្ត្រី​ថាមពល​និង​រ៉ែ ប្រទេស​ឡាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល​រវាង​ប្រទេស​ទាំងពីរ នាពេល​កន្លងមក និង​ស្នើសុំ​កម្ពុជា បន្ត​ចែករំលែក​បទពិសោធន៍​នៃ​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​វិស័យ​ថាមពល​របស់​កម្ពុជា​ផងដែរ ។

ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​ទាំង​ក្របខណ្ឌ​បច្ចេកទេស​និង​ពាណិជ្ជកម្ម​បន្ថែមទៀត និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​សម្រាប់​គម្រោង​វា​រី​អគ្គិសនី​នៃ​ប្រទេស​ទាំងពីរ គឹ​វា​រី​អគ្គិសនី​ដន​សា​ហុង និង​វា​រី​អគ្គីសនី​សេ​សាន​ក្រោម ២ នាពេលខាងមុខ៕