ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ជួបពិភាក្សា​ជាមួយនឹង​លោកស្រី អា​លី​សា សា​គ័​រ ( Alissar Chaker) ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​(UNDP)​។

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​បានធ្វើ​ការស្វែងយល់​បន្ថែម​អំពី​ទស្សន​:​វិស័យ​របស់​ក្រសួង និង​គម្រោង​អាទិភាព​នានា​ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍ​ប្រ​សិ​ទិ្ធ​ភាព​ថាមពល ក៏ដូចជា​ឱកាស និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​បន្ថែមទៀត ដើម្បី​បន្ត និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ។

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​បានផ្តល់​កិច្ចសហការ និង​កិច្ច​គាំទ្រ​ជាច្រើន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ថាមពល​របស់​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​៖ ជំនួយ​ហិរញ្ញប្បទាន គម្រោង​កសាង​សមត្ថភាព​, គម្រោង​បច្ចេកទេស​និង​ការសិក្សា​ស្រាវជ្រាវ គម្រោង​ប្រឹក្សា​យោបល់​ទាំង​ក្របខណ្ឌ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត សេចក្តីណែនាំ​និង​វិធានការ​ផ្សេងៗ និង គម្រោង​ការផ្តល់​ជា​សម្ភារៈ​បរិក្ខា​ជាដើម ដែល​សរុប​មាន​ចំនួន​ប្រមាណ ១០ គម្រោង​សម្រាប់​ឆ្នាំ​២០២១ នេះ​។

​លោក រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំពី​ចំណុច​សំខាន់ៗ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល រួមមាន គោលដៅ​នៃ​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា លទ្ធផល​នៃ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ថាមពល​កម្ពុជា​ជាមួយ​ធនាគារ អភិ​វ​ឌ្ឈ​ន៍​អាស៊ី
វឌ្ឍនភាព​នៃ​ការរៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល និង​ជំហរ​របស់​វិស័យ​ថាមពល​កម្ពុជា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​អាកាសធាតុ​។

​នា​ជំនួប​នោះ ភាគី​ទាំងពីរ បាន​បេ្ត​ជ្ញា​ពង្រឹង​ការអនុវត្ត​ស្របតាម​អនុស្សារណៈ​យោគយល់​គ្នា និង​ពង្រឹង​ភាពជា​ដៃគូ ក្នុង​វិស័យ​ថាមពល​បន្តទៀត ហើយ លោកស្រី​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នឹង​បន្ត​ស្វែងរក​គម្រោង​ជំនួយ​ផ្សេងៗ និង​កៀងគរ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀតផង​ដែរ ដើម្បី​ការអភិវឌ្ឍ​វិស័យ​ថាមពល​របស់​កម្ពុជា ជាពិសេស​គឺ​ការផ្តោត​លើ​គម្រោង​ប្រ​សិ​ទិ្ធ​ភាព​ថាមពល និង​ការប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​៕​