​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​មានប្រសាសន៍ ដោយ​ក្តី​សង្ឃឹមថា ជំនួយ​កម្ពុជា​ដល់​ឡាវ​នឹង​រួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ ១៩ នៅក្នុង​តំបន់ ។​

​លោក​បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដ៏​វិសេសវិសាល​របស់ លោក ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​ឡាវ ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឡាវ ជាការ​ពូន​ជ្រុំ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ។

​លោក​បាន​បន្តថា ជាការ​ពិតណាស់ កម្ពុជា និង​ឡាវ​មាន​ចំណងមិត្តភាព​យូរអង្វែង ព្រោះ​យើង​មាន​ព្រំប្រទល់​ជាមួយគ្នា និង​លក្ខណៈ​ស្រដៀង​គ្នា​ជាច្រើន​លើ​ផ្នែក​វប្បធម៌ និង​ប្រពៃណី ប៉ុន្តែ​សំខាន់​ជាងនេះទៅទៀត យើង​មាន​ទស្សនៈវិស័យ​រួមគ្នា និង​ឆន្ទៈ​ខ្ពស់​ក្នុងការ​ស្វែងរក​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សម្រាប់​តំបន់​របស់​យើង និង​ពិភពលោក​។

​លោក​បាន​បញ្ជាក់ថា “​យើង​ក៏​សង្ឃឹមថា​ជំនួយ​ជា​ថវិកា ១៣ លាន​ដុល្លារ​អាមេរិក វ៉ាកសាំង​ស៊ី​ណូ​វ៉ា​ក់ ៥០ ម៉ឺន​ដូ​ស និង​រថយន្ត​ពីរ​គ្រឿង​ដល់​រដ្ឋាភិបាល​ឡាវ​នឹងចូលរួម​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩”៕​