ដោយ​៖ ដេប៉ូ / ព្រះសីហនុ​៖ ក្នុង​ឆ្នាំ​២០២២ ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ ក្រសួងបរិស្ថាន គ្រោង​បង្កើត​ទីតាំង​ចាក់សំរាម ដែលមាន​ស្តង់ដា នៅតាម​បណ្ដា​ខេត្ត មួយចំនួនទៀត ស្រប​ពេលដែល​ទីតាំង​ចាក់សំរាម មាន​ស្តង់ដា នៅ​ខេត្ត​ព្រះសីហនុ បាន​កំពុង​ដាក់​ឲ្យ​ដំណើរការ កាលពី​ថ្មីៗ​កន្លងមក​។ នេះ​បើតាម​ការ បញ្ជាក់​ពី​សំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។​

​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន ក្នុងពេល​ទស្សនកិច្ច​នៅ​ទីតាំង​ចាក់សំរាម ក្នុង​ខេត្ត ព្រះសីហនុ នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា​ឆ្នាំ ២០២១ នេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថាៈ “​ទីលាន​កន្លែង​នេះ (​នៅ​ខេត្ត​ព្រះសីហនុ​) ជាទី​លាន​តាម​លក្ខណៈ​ស្តង់ដា ត្រឹមត្រូវ ហើយ ទីលាន​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ដើមខែ​វិច្ឆិកា កន្លងមក​។ ទីលាន​នេះ ក៏​ជា​គម្រោង របស់ រាជរដ្ឋាភិបាល​ដែរ​។ ក្រសួងបរិស្ថាន កំពុងធ្វើការ​ជាមួយ ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បង្កើត ទីលាន​ចាក់សំរាម ដែលមាន​ស្តង់ដា របៀបនេះ តាម​បណ្តា​ខេត្ត មូ​យ​ចំនួន​ទៀត ហើយ​រំពឹង ថា នៅ​ដើមឆ្នាំ ២០២២ ខាងមុខ យើង​នឹងមាន​ទីលាន ចាក់សំរាម បែប​ស្តង់ដា​បែបនេះ ប្រមាណ ៥-៦ កន្លែង​ទៀត​”​។​

​បើតាម លោក​រដ្ឋលេខាធិការ បានឱ្យដឹង​ដែរ​ថាៈ ចំពោះ​គម្រោង ដែល​រាជរដ្ឋាភិបាល គ្រោង​បង្កើត​ទីលាន់​ចាក់សំរាម បែប​ស្តង់ដា​នេះ មានដូចជា​ខេត្ត​កែប មាន​ទីលាន​រួចហើយ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ជាដើម​។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន នឹងធ្វើ​ការ​ជាមួយ​ដៃគូ បន្ថែមទៀត ដូចជា​សៀមរាប ខេត្ត​ជាប់​ព្រំដែន ដូចជា ប៉ោយប៉ែត បន្ទាយមានជ័យ ព្រៃវែង គោលដៅ​របស់​ក្រសួងបរិស្ថាន នឹង​គ្រប់គ្រង​សំរាម ឱ្យបាន​ល្អ ដែលជា​ផ្នែក​មួយ នៃ​គោលនយោបាយ​ជាតិ ក្នុងការ​គ្រប់គ្រង​សំណល់​រឹង​សំរាម ដែល​រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្ត​។​

​លោក នេត្រ ភក្ត្រា បានលើកឡើង​ឱ្យដឹង​បន្ថែមថាៈ គោលដៅ​របស់​ក្រសួងបរិស្ថាន គឺ​ធ្វើការ​គ្រប់គ្រង កាកសំណល់​រឹង​សំរាម ឲ្យ​បានល្អ​ដែលជា​ផ្នែក​មួយ នៃ​គោលនយោបាយ ជាតិ ដែល​រាជរដ្ឋាភិបាល បានដាក់​អនុវត្ត ហើយ​អ្វីដែល​សំខាន់ គឺ​ការផ្សព្វផ្សាយ ក៏ដូចជា ការផ្តល់​ផ្នែក​បច្ចេកទេស ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​គ្រប់គ្រង​សំរាម នៅតាម​ទីប្រជុំជន​។​

​ជុំវិញ​បញ្ហា​សំរាម​នេះដែរ ត្រូវបាន​លោក រដ្ឋលេខាធិការ ឱ្យដឹង​បន្ថែមថាៈ ”​ក្នុង​មួយថ្ងៃ សំណល់​សំរាម តែង​បង្កើតឡើង មាន​ប្រមាណ​ជាង ១ ម៉ឺន​តោន ហើយ​ក្នុង​មួយឆ្នាំ សំណល់​សំរាម​មាន​ប៉ុន្មាន ៤ លាន​តោន​។ ដោយឡែក នៅក្នុង​ខេត្ត​ព្រះសីហនុ គឺមាន សំរាម​ចន្លោះ​ពី ៣៥០ – ៤០០ តោន ត្រូវបាន​បង្កើតឡើង ក្នុង​មួយថ្ងៃ​។ តាម​ការសិក្សា ក្នុងចំណោម​សំរាម ទាំងនេះ គឺមាន ៦៥ ភាគរយ គឺជា​សំរាម​សំណល់ សរីរាង្គ​, ២០ ភាគរយ ជា​សំណល់​ប្លា​ស្ទិ​ក ហើយ​នៅសល់​ប៉ុន្មាន គឺជា​សំណល់​រឹង​”​។​

​លោក​រដ្ឋលេខាធិការ បានលើកឡើង​ទៀតថាៈ ក្រសួងបរិស្ថាន ជំរុញ​ឲ្យ​មានការ​កែច្នៃ និង​ការដកហូត​ញែក​សំរាម ទៅតាម​ប្រភេទ​របស់​វា​។ បច្ចុប្បន្ននេះ តាម​គោលការណ៍​របស់ ក្រសួង គឺ​តម្រូវឱ្យ​ប្រជាពលរដ្ឋ ធ្វើ​ការញែក​សំរាម ដើម្បី​កាត់បន្ថយ សំណល់​សំរាម យកមក​ចាក់ នៅលើ​ទីលាន ដែល​ធ្វើ​ឱ្យជួយ​កាត់បន្ថយ ចំនួន​តិច ហើយ​វា​នឹង​ជួយ​ឱ្យ​ទីលាន ចាក់សំរាម ប្រើ​បានយូរ​ផង​។​

​លោក​រដ្ឋលេខាធិការ បាន​ពន្យល់​ជុំវិញ​បញ្ហា​នេះ​ថាៈ “​ទីតាំង​ចាក់សំរាម នៅ​ព្រះសីហនុ​មែន ៤ រណ្ដៅ លើ​ទំហំ​ដី ៥ ហិកតា ដោយ​គម្រោង​ចាក់ រយៈពេល ៥ ឆ្នាំ ប៉ុន្តែ​វា​ក៏​អាច​ប្រែប្រួល ផងដែរ អាស្រ័យ​លើ​កំណើន នៃ​សំរាម​”​។​

​លោក​បាន​បន្ថែមថាៈ បច្ចុប្បន្ន សំរាម​ប្រមាណ ១០ ភាគរយ បាន​យកទៅ​ធ្វើការ​កែច្នៃ ហើយ​ក្រៅពីនោះ បាន​យកទៅ​ចាក់​នៅ​ទីលាន​។ ប៉ុន្តែ​នៅតាម​បណ្តា​ប្រទេស​ផ្សេងទៀត ប្រជាពលរដ្ឋ ដែល​យល់ដឹង​ពី​ការញែក​សំរាម គឺ​សំរាម​ដែល​គេ​យកទៅ​ចាក់ចោល នៅ​ទីតាំង​ចាក់សំរាម មាន​ចំនួន​តិចតួច ហើយ​ប្រទេស​ខ្លះ​សឹង​ថា​អត់​មាន​សំរាម​ថែមទៀត​។​

​ទាក់ទិន​រឿង​សំរាម​នេះដែរ លោក រដ្ឋលេខាធិការ បានឱ្យដឹង​បន្ថែមថាៈ ក្នុង​មួយឆ្នាំ សំរាម​មានការ​កើនឡើង ប្រមាណ​ជាង ១០ ភាគរយ ទាំងនេះ ដោយសារ​កំណើនសេដ្ឋកិច្ច និង​ការប្រើប្រាស់​ច្រើន និង​កំណើន​ប្រជាពលរដ្ឋ​ផងដែរ​។ ក្នុងករណី​ដែល​មិនអាច គ្រប់គ្រង សំណល់​រឹង​បាន​នោះទេ សំរាម​នឹងធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព សោភ័ណភាព​បរិស្ថាន​។​

​លោក​បានលើកឡើង​ទៀតថាៈ ខេត្ត​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ក្នុងការ​គ្រប់គ្រង​សំណល់​សំរាម​នេះ ដោយសារ​ខេត្ត​នេះ ជា​ខេត្ត​ពហុ​បំណង លើ​គ្របើ​វិស័យ មាន​វិស័យ​ក​ឧស្សាហកម្ម កំពង់ផែ​ព្រលានយន្តហោះ ទេសចរណ៍​ជាដើម​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក ហុក សុផាន់​ណា​រ៉ូ នាយក​គ្រប់គ្រង ទីលាន​គ្រប់គ្រង​សំរាម ទីប្រជុំជន​នៅ​ខេត្ត​ព្រះសីហនុ បានលើកឡើង​ថាៈ ទីលាន​ចាក់សំរាម​អូរ​តាសេក ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​មួយថ្ងៃ សំរាម​ដែល​ប្រើប្រាស់ ចោល​មាន​ចំនួន ២៥០ តោន ហើយ​សំរាម​ទាំងនេះ គឺ​មិនមែន​មក​តែ​ពី ក្រុងព្រះសីហនុ​នោះទេ វា​ក៏​មកពី​ស្រុក​ព្រៃនប់ ដែល​អនុវត្ត​ប្រតិបត្តិ​ករ ចំនួន​ពី​ក្រុមហ៊ុន​។​

​លោក​បានឱ្យដឹង​បន្ថែមថាៈ នៅ​ទីលាន​ចាក់សំរាម ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ក្រៅពី​កន្លែង ទុកដាក់​សំរាម ប្រកបដោយ​ស្តង់ដា​ហើយ គេ​នៅ​ធ្វើការ​បែងចែក ត្រឹមត្រូវ ដោយ​ក្នុងនេះ ប្រភេទ​សំរាម​នីមួយៗ គេ​អាច​យកទៅ​កែច្នៃ​ប្រើប្រាស់ តាម​ប្រភេទ​របស់​វា​នីមួយៗ ថែមទៀត​៕/V