ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឡាវ​។ កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ដែល​បាន​ជ្រើស​យក​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​បរទេស​របស់​ឯកឧត្តម ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ឡាវ​។​

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​វីរជន​ខ្មែរ​ដែល​បានធ្វើ​ពលិកម្ម​ក្នុង​សង្គ្រាម និង​នៅ​មណ្ឌប​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ បាន​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ។ ឯកឧត្តម​ក៏បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​

​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​មិត្តភាព ភាពជា​អ្នកជិតខាង​ល្អ សាមគ្គី​ភាពជា​ភាត​រៈ ការយោគយល់ និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ បាន​ជួប​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​នយោបាយ ការពារជាតិ និង​សន្តិសុខ ពាណិជ្ជកម្ម និង​ការវិនិយោគ ការតភ្ជាប់​តាមផ្លូវ​គោក និង​អាកាស ថាមពល ទេសចរណ៍ ការអប់រំ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាព​បន្ត​ជំរុញ​ព​ន្លឿ​ន​ការបញ្ចប់​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ ដែល​អាច​នឹង​ឈានដល់​ការចុះហត្ថលេខា​ក្នុងពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ ស្របតាម​ការឯកភាព​គ្នា​ក្នុងជំនួប​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត ដែល​ពេលនោះ​ជា​នាយករដ្ឋមន្ត្រី នៅ​ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន កម្ពុជា និង​ឡាវ សម្រេច​បានការ​ខណ្ឌសីមា និង​បោះបង្គោល​ចំនួន ១២១​បង្គោល ស្មើនឹង​៨៦%​នៃ​ខ្សែ​ព្រំដែន​រួម​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ប្រគល់​ភារកិច្ច​ជូន គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ព​ន្លឿ​ន​ការចរចា​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​ឡាវ សំរាប់​ខ្សែ​ព្រំដែន​ដែល​បាន​ឯកភាពគ្នា និង​ពិភាក្សាគ្នា​លើ​ការបោះបង្គោល​ព្រំដែន បំពេញបន្ថែម​ចន្លោះ​បង្គោល ដែលមាន​ស្រាប់​នៅក្នុង​តំបន់​ដែល​បាន​ឯកភាពគ្នា​រួច ៨៦% ព្រមទាំង​ផលិត​ផែនទី​ជា​ឧបសម្ព័ន្ធ​នៃ​សន្ធិសញ្ញា​ខាងលើនេះ​។

​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាពគ្នា​បន្ត​ជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន ឱ្យបាន​ទៀងទាត់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​រវាង​កម្ពុជា និង​ឡាវ​។ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន​របស់ខ្លួន អនុវត្ត​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ធានាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​ប្រកបដោយ​សន្តិភាព មិត្តភាព​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​។​

​ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ​សាធារណៈ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ព្រមព្រៀង​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់​តាមរយៈ ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​រវាង​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាព​ជំរុញ​បន្ត​ការពិគ្រោះ​យោបល់​គ្នា​ឲ្យ​បាន​ទៀងទាត់ និង​ផ្លាស់ប្តូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត កិច្ចសហប្រតិបត្តិការ​ផ្លូវច្បាប់ និង​កុងស៊ុល ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឧក្រិដ្ឋកម្ម​ឆ្លងដែន ការទប់ស្កាត់​ជំងឺឆ្លង និង​គ្រោះមហន្តរាយធម្មជាតិ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​បានបញ្ជាក់​សាជាថ្មី​អំពី​សារសំខាន់ ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​ការវិនិយោគ​បន្ថែមទៀត សំដៅ​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​ឆាប់​។ ភាគី​ទាំងពីរ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ និង​ពន្ធ​លើ​ប្រាក់ចំណូល (DTA)​។​

​នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រាប់​ជំនួយ​ដ៏​ថ្លៃថ្លា និង​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា រួមមាន​សម្ភារៈ​បរិក្ខា​រ​ពេទ្យ និង​ថវិកា ជាពិសេស​ជំនួយ​ថ្មី​បន្ថែមទៀត​ចំនួន ១៣​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ៣​លាន​ដុល្លារ​ជា​ថវិកា​របស់​រាជ​រដ្ឋា​- ភិ​បាល​កម្ពុជា និង​១០​លាន​ដុល្លារ​ទៀត​ជា​ថវិកា​របស់​ក្រុមហ៊ុន​ឯកជន ជាមួយនឹង​ជំនួយ​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ចំនួន ៥០​ម៉ឺន​ដូ​ស និង​រថយន្ត​បី​គ្រឿង សម្រាប់​ជួយ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ឡាវ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ វាយតម្លៃ​ខ្ពស់​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ប្រកបដោយ​ជោគជ័យ​។

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ គ្នា​លើ​បញ្ហា​ដែលជា​ផលប្រយោជន៍ និង​កង្វល់​រួម និង​បានបញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី ជាពិសេស​អាស៊ាន ដែល​នឹង​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​តំបន់ និង​ពិភពលោក​។ ក្នុងន័យនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ​ដោយ​ជោគជ័យ និង​ក្នុង​ការបំពេញ​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។​
​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ក៏បាន​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ នៅពេល​វេលា​សមស្រប​ឆាប់ៗ​ខាងមុខនេះ​៕srn