ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តំណាង​ប្រចាំ​ប្រទេស​កម្មវិធី​អភិវឌ្ឍន៍ សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា (UNDP) លោកស្រី អា​លី​សា ឆា​គ័​រ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បរិបទ នៃ​ការរីក​រាលដាល ជំងឺ​កូវ​ដី​១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ប្រជាជន​ក្រីក្រ ផ្តល់នូវ​ការឧបត្ថម្ភ ជូន​ពួកគាត់ តាមរយៈ​ប្រព័ន្ធ​គាំពារ​សង្គម ដែល​កម្ពុជា បាន​បញ្ចេញ​ថិ​វ​កា​ជាតិ មកជួយ​ទំនុកបម្រុង​ពួកគាត់ និង​ជាពិសេស​ទៅទៀត គឺ​គោលនយោបាយ ចាក់​វ៉ាក់សាំង​របស់ រាជរដ្ឋាភិបាល បាន​ដល់​ប្រជាជន​ទូទាំងប្រទេស បាន​យ៉ាង​ឆាប់រហ័ស​។​

​ការកោតសរសើរ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា រវាង​លោកស្រី អា​លី​សា ឆា​គ័​រ និង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ នៅ​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​លោកស្រី អា​លី​សា ឆា​គ័​រ បាន​សម្តែង​នូវ​ការអបអរសាទរ នូវ​សមិទ្ធផល​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​។ លោកស្រី នឹង​បន្ត​ខិតខំ ដើម្បី​ជួយ​កម្ពុជា សម្រេចបាន​នូវ ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ឆ្នាំ​២០១៦-២០៣០ តាម​ផែន​ការដែល​បាន​រំពឹងទុក​។​

​លោកស្រី បាន​បន្ថែមថាៈ ក្រៅពី​ការងារ ក្នុង​ក្របខណ្ឌ​ផែនការ ថ្មីៗ​នេះ UNDP ក៏បាន​ផ្តោត​ការយកចិត្ត​ដាក់ ក្នុង​ជួយ​ដល់​វិទ្យាស្ថាន​ជាតិ ស្ថិតិ​នៃ​ក្រសួងផែនការ ដើម្បី​ផលិត​នូវ ទិន្នន័យ​ដែល​ល្អ និង​មាន​គុណភាព សម្រាប់ធ្វើ​ការគាំទ្រ និង​វាយតម្លៃ​លើ សូចនាករ​សំខាន់ៗ នៃ​ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ផងដែរ​។​

​ជាទី​បញ្ចប់ លោកស្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រសួងផែនការ ដែលជា​ក្រសួង​នាំ​មុន ក្នុងការ​ដឹកនាំ រៀបចំ​ផែនការ ជូន​រាជរដ្ឋាភិបាល លោកស្រី ប្តេជ្ញា​បន្ត​គាំទ្រ​ដល់ ក្រសួងផែនការ លើ​ទស្សនៈវិស័យ​រួមគ្នា ឆ្ពោះទៅ​សម្រេចបាន​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០​។​

​ចំណែក លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​ បាន​រំលឹក​ឡើងវិញ ពី​អតីតកាល​ដ៏​ជូរចត់ ប្រទេស​ខ្ទេចខ្ទី ដោយសារ​ភ្លើងសង្គ្រាម ដោយ​លោក​បាន​ឆ្លងកាត់ ជាច្រើន​សម័យកាល មក​ផងដែរ គ្មាន​សម័យ​កាលណា ដែលមាន​ស្ថេរភាព សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ដូច​សម័យកាល​នេះនោះ​ទេ ដូចដែល​លោកស្រី បានឃើញ​ជាក់ស្តែង​ស្រាប់​។
​សមិទ្ធផល​ទាំងឡាយ ដែល​កម្ពុជា កំពុង​ទទួលបាន​នេះ គឺ​កើតចេញពី​ការដឹកនាំ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រោម​ការជួយជ្រោមជ្រែង ពី​ដៃគូ​អភិវឌ្ឍ​របស់​យើង ក្នុងនោះ UNDP ក៏​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​កិច្ចការងារ​ស្តារ និង​អភិវឌ្ឍ​នេះ​ផងដែរ​។

​លោក​បាន​បន្តថាៈ ចាប់ពី​ឆ្នាំ ២០០០ មក UNDP បានផ្តល់​ការគាំទ្រ​ដល់ ក្រសួងផែនការ ទាំង​ថវិកា និង​ទីប្រឹក្សា​អន្តរជាតិ ក្នុង​ការងារ​រៀបចំ​ការងារ​ផែនការ ៥ ឆ្នាំ ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍ សហស្ស​វត្សរ៍ ២០០០-២០១៥, ក្របខណ្ឌ​គោលដៅ អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ២០១៦-២០៣០, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨, ២០១៩-២០២៣ និង​ថ្មីៗ​នេះ ក្នុង​បរិបទ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ UNDP ក៏បាន​ចូលរួមចំណែក ក្នុង​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម គ្រួសារ​ក្រីក្រ នៅ​កម្ពុជា​ផងដែរ​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ផ្តាំផ្ញើ​តាមរយៈ​លោកស្រី សូម​ថ្លែងអំណរគុណ ដល់​អ្នក តំណាង​ប្រចាំ​ប្រទេស កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា​(UNDP) ក្នុង​អាណត្តិ​មុនៗ​ផង ប្រសិនជា​គ្មាន​ការគាំទ្រ​ពី​គាត់​ទេ ក៏​យើង​មិនអាច​សម្រេចបាន លទ្ធផល​ល្អ ដូច​ក្នុងពេល​នេះដែរ ហើយ​លោក​ថ្លែង​នូវ​សង្ឃឹមថា ក្នុង​អាណត្តិ​របស់លោក​ស្រី យើង​នឹង​នៅតែ​រួមគ្នា អាច​សម្រេចបាន​លទ្ធផល​ល្អ ជាច្រើន​ទៀតផង​ដែរ​៕/V​