​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្នុង​បេសកកម្ម​មួយថ្ងៃ គឺ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​មន្ត្រី​ថ្នាកដឹកនាំ នៃ​គណៈបញ្ជាការ​កងឯកភាព រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ត្រួតពិនិត្យ និង​អនុវត្តន៍​វិធានការ ទប់ស្កាត់ ពាក់ព័ន្ធ​ការកាប់​រុករាន​ទន្ទ្រាន​ដី តំបន់​ព្រៃ​លិច​ទឹក​នោះ គេ​រក​មិនឃើញ​បទល្មើស ឬ​ទទួលបាន​ព័ត៌មាន​ថា មាន​បទល្មើស​នោះឡើយ ក្នុងភូមិ​សាស្ត្រ​ខេត្ត​នេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត និង​ប្រតិភូ​ក្រសួង​រៀបចំ​ដែនដី បាន​ណែនាំ​អោយ មន្ត្រីជលផល មន្ត្រី​មន្ត្រី​អាជ្ញាធរ​ដែនដី​ស្រុក ឃុំ​មូលដ្ឋាន ចុះ​ផ្ទៀងផ្ទាត់ កំណត់​បង្គោល ព្រំ​តំបន់ ដើម្បី​កសាង​ឯកសារ​គតិយុត្តិ ចុះបញ្ជី​ដី​រដ្ឋ ហើយ​វាស់វែង​ធ្វើ​ប័ណ្ណ​សម្គាល់ អចលនវត្ថុ ពោលគឺ ដើម្បី​ចាត់វិធានការ​បង្ការ​ទ​ប់​ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់ និង​ជា​បន្ត ចំពោះ​ការកាប់​ព្រៃ ដុត​រានទន្ទ្រាន ហ៊ុមព័ទ្ធ​រំលោភ​យក​ជា​កម្មសិទ្ធិ ខុសច្បាប់ លើដី​ព្រៃ លិច​ទឹក និង​វាទទី​យក​ដី​តំបន់​២ តំបន់​៣ នៃ​បឹង​ទន្លេសាប ។​

​សូមបញ្ជាក់ថា លោក លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ មន្ត្រី​ជំនាញ មេបញ្ជាការ ស្នងការ កងកម្លាំង​ចម្រុះ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​ទប់ស្កាត់ ចំពោះ​ការកាប់ ព្រៃ​លិច​ទឹក និង​វាទទី​យក​ដី បឹង​ទន្លេសាប នៅ​តំបន់​២ តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រាសាទ និង ភ្នំ​លៀប នៃ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺ​ប្រើប្រាស់​មធ្យោបាយ ទូក​ម៉ាស៊ីន ។​

​ក្នុង​ថ្ងៃ​ដដែល​នេះដែរ មន្ត្រី​ចម្រុះ​មួយក្រុម​ទៀត មាន​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក មង្គល​បូរី និង​មន្ត្រី​ជំនាញ កងកម្លាំង ក៏​ចូលទៅ​បំពេញបេសកកម្ម ដូចគ្នានេះ នៅ​ភូមិសាស្ត្រ ឃុំ​សំបួរ ស្រុក​មង្គល​បូរី ។ បេសកកម្ម​ក្តៅគគុក​នេះ គឺជា​ការអនុវត្ត​នូវ បទបញ្ជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​ថ្លែង​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​សម្តេច​តេ​ជោ បានចេញ​បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់​មួយ ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល ខេត្ត​ទាំង ៥ ជាប់​តំបន់​ទំនាប​ព្រៃ​លិច​ទឹក និង​បឹង​ទន្លេសាប ត្រូវធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប ជាបន្ទាន់ ចំពោះ​ការ​លួច​កាប់​ព្រៃ​លិច​ទឹក និង​វាទទី​យក​ដី​នៅតាម​បឹង​ទន្លេសាប​៕/V​