ដោយ:សុផល/ភ្នំពេញ:នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបធ្វើសវនាការជាមួយលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ (PHANKHAM VIPHAVANH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែល​ឯកឧត្តមដឹកនាំគ​ណៈ​ប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និង​គណៈប្រតិ​ភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្តេច​​​​មានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង ពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការកាន់រឹងមាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ បានសម្តែងនូវសេចក្តីរំភើបរីករាយដែលមានឱកាសជួបសវនាការជាមួយនឹងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភានាពេលនេះ។ ឆ្លៀតក្នុងឱកាននោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនសម្តេចប្រធានព្រឹទ្ធសភា ព្រមទាំងអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវតាមពេលសមស្របណាមួយ។

លោកនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នេះជាការបំពេញទស្សនកិច្ចលើកដំបូងបង្អស់បន្ទាប់ពីឯកឧត្តមបានកាន់ដំណែងជានាយករដ្ឋមន្ត្រី។ តាមរយៈការបំពេញទស្សនកិច្ចនាពេលនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីចម្រើនរបស់ប្រទេសកម្ពុជា។ លោកបានសម្តែងនូវការកោតសរសើរ និងការអបអរសាទរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសកម្ពុជាជួបការលំបាកយ៉ាងណាក៏ដោយ ជាពិសេសការប្រយុទ្ធប្រឆាំង និងទប់ស្តាត់នឹងជំងឺកូវីដ-១៩ បានអនុវត្តន៍យ៉ាងល្អប្រសើរណាស់។

លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩ ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង ២០ម៉ឺនដូស ហើយក្នុងជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូសថែមទៀត និងជំនួយជាថវិការបស់រាជរដ្ឋាភិបាល និងពីសម្បុរសជនចំនួន ១៣លានដុល្លារអាមេរិក។

លោកនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបផងដែរ អំពីជំនួបរវាងឯកឧត្តមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានពិភាក្សាគ្នាប្រកបដោយជោគជ័យ និងបានឯកភាពគ្នានូវចំណុចជាច្រើន។ ចំពោះបញ្ហាព្រំដែននៃប្រទេសទាំងពីរ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំឱ្យសម្រចជាស្ថាពរក្នុងការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរក្លាយទៅជាព្រំដែនសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក និងទប់ស្កាត់បាតុភាពអវិជ្ជមានខុស ច្បាប់តាមព្រំដែន។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់​ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តី ដែលថ្លែងសរសើរអំពីការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន អំពីការគ្រប់គ្រងជំងឺកូវិដ១៩ប្រកបដោយ លទ្ធផលល្អប្រសើរ និងថ្លែងនូវអំណរសរសើរអំពីការរីកចម្រើននៃចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា ឡាវ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ឈានដល់កម្រិតកំពូលគឺ “ភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាបានគាំទ្រ និងលើកទឹកចិត្តចំពោះរាល់គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ វប្បធម៌ ទេសចរណ៍ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងអង្គភាពនៅតាមបណ្តោយព្រំដែន ដើម្បីថែរក្សាសន្តិសុខ ទប់ស្កាត់រាល់សកម្មភាពប្រឆាំងរបស់ពួកអមិត្ត អំពើភេរវកម្ម និងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ៕សរន