​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ចៅក្រម​អាម៉េរិក​បាន​កាត់ទោស​លោ​ក​ស្រី អេម​ម៉ា ខូ​រ៉ូ​នែ​ល អៃ​ស្ពូ​រ៉ូ ជា​ភរិយា​របស់​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិក​ស៊ិក ឈ្មោះ ចា​វគ្វី​ន គូ​ស្មាន់ រហស្សនាម “El Chapo” (​អា​តឿ​) ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​វិច្ឆិកា​ពីបទ​ជួញដូរ​គ្រឿងញៀន​និង​លាង​លុយកខ្វក់​។​

​ការកាត់ទោស​នេះ​គឺ​តិចជាង​ទោស​ស្រាល​បួន​ឆ្នាំ​ដែល​ស្នើ​ដោយ​ពួក​រដ្ឋអាជ្ញា ខណៈ​ចៅក្រម​បាន​ទទួល​ស្គាល់​ថា​លោក​ស្រីខូ​រ៉ូ​នែ​ល​គ្រាន់តែ​ជា​ក្មេង​ជំទង់​ប៉ុណ្ណោះ​នៅពេល​លោកស្រី​រៀបការ​ជាមួយ​ស្តេចត្រាញ់​​គ្រឿងញៀន​ឃោរឃៅ ហើយ​ថា​លោកស្រី​បាន​សារភាព​កំហុស​ភ្លាមៗ​បន្ទាប់​ពី​ការចាប់ខ្លួន​លោកស្រី​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១​។​

​អតីត​រាជិនី​សម្រស់​អាយុ ៣២ ឆ្នាំ​រូប​នេះ​បាន​និយាយ​សុំទោស​នៅ​ចំពោះមុខ​តុលាការ​។​

​លោកស្រី​បាន​និយាយ​ជា​ភា​សាអេ​ស្ប៉ាញ​មុន​ពេល​កាត់​ទោសត្រូវ​បាន​ប្រកាស​ថា “​ខ្ញុំ​សូម​សម្តែង​ការសោកស្ដាយ​យ៉ាង​ពិតប្រាកដ​ចំពោះ​ការខូចខាត​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​។ ខ្ញុំ​បាន​រង​ទុក្ខលំបាក​ដោយសារ​ការឈឺ​ចាប់​ដែល​ខ្ញុំ​បាន​ធ្វើ​ដាក់​គ្រួសារ​ខ្ញុំ​”​។​

​លោកស្រី​បាន​ស្នើសុំ​ចៅក្រម​ដើម្បី​អនុញ្ញាត​ឱ្យ​គាត់​អាចមាន​លទ្ធភាព​ចិញ្ចឹម​កូនស្រី​ភ្លោះ​អាយុ​ប្រាំបួន​ឆ្នាំ​របស់​គាត់​។​

​លោកស្រី​បាន​និយាយថា “​ពួកគេ​ធំធាត់​ឡើង​ដោយ​មិន​មាន​វត្តមាន​ឪពុក​របស់​ពួកគេ​រួចទៅហើយ​។ ខ្ញុំ​សូម​អង្វរ​អ្នក​កុំឱ្យ​ពួកគេ​ធំ​ឡើង​ដោយ​គ្មាន​វត្តមាន​ម្តាយ​របស់​ពួកគេ​ម្នាក់ទៀត​”៕

​លោកស្រី អេម​ម៉ា ខូ​រ៉ូ​នែ​ល អៃ​ស្ពូ​រ៉ូ ជា​ប្រពន្ធ​របស់​អា​តឿ ត្រូវបាន​កាត់ទោស​ជាប់គុក​៣​ឆ្នាំ​នៅ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ