ដោយ​៖​សុផល​/​ភ្នំពេញ​៖​វឌ្ឍនភាព​ការងារ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និ​ក​នៅ​កំពង់ផែ (Port EDI) ជិត​សម្រេច​បាន ១០០%​ហើយ គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ​ឆ្នាំ​២០២១ ដោយ នៅសល់តែ​ការងារ​បច្ចេកទេស​មួយចំនួន​តូច ប៉ុណ្ណោះ ។​

​ទាក់ទង​នឹង​វឌ្ឍនភាព​ការងារ​ទិន្នន័យ​អេ​ឡិច​ត្រូ​និ​ច​នៅ​កំពង់ផែ​នេះ លោក រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​អញ្ជើញ​ដឹកនាំ​កិច្ច ប្រជុំ​ប្រចាំខែ ស្ដីពី​វឌ្ឍនភាព​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ (Port EDI) ដោយ ​មានការ​អញ្ជើញ​ចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ​តំណាង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ តំណាង​កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ និង​តំណាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី ជំនាញ​​​ក្រុម​​​អ្នក​​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​អង្គប្រជុំ​បាន​ផ្តោត​ការពិភាក្សា​ជាសំខាន់​លើ​វឌ្ឍនភាព​ការងារ​រួម​ទាក់ទង​នឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​អ្នកជំនាញ​របស់​ក្រុ​​ម​ហ៊ុន​អនុវត្ត​គម្រោង Kyowa Corporation ការពិនិត្យ​លទ្ធភាព​ដោះស្រាយ​បញ្ហា​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ឱ្យមាន​ស្ថិរភាព ដើម្បី​សម្រួល​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រព័ន្ធ ការបណ្ដុះបណ្ដាល​ពី​ក្រុម​ជំនាញការ JICA
​ដោយផ្ទាល់​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ (Port EDI) នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​មករា ​ឆ្នាំ​២០២២ ខាងមុខ និង​ការត្រៀម​រៀបចំ​ទីកន្លែង សម្ភារៈ​បរិក្ខារ ក៏ដូចជា​សេវា​អ៊ី​ន​ធើរ​ណេ​ត ដើម្បីឱ្យ​ក្រុម​ជំនាញការ JICA ​ដើម្បី​ធ្វើតេស្ត​សាកល្បង​ប្រព័ន្ធ​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​ក្រុម​ជំនាញការ​JICA ទាក់ទង​នឹង​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​សម្រាប់ ដំណើរការ​តេស្ត​សាក​ល្បង និង​ដំណើរការ​ប្រព័ន្ធ លោក​រដ្ឋលេខាធិការ បាន​គូស​បញ្ជាក់ជូន​ថា​៖ ក្រុម ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ក្រសួង
​កំពុង​រៀបចំ​សំណើ​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សុំ​គោលការណ៍​ឯកភាព​លើ​ការផ្គត់ផ្គង់​អគ្គិសនី ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការផ្គត់​ផ្គង់​អគ្គិសនី​ឱ្យមាន​ដំណើរការ​រលូន និង ប្រកបដោយ​ប្រសិទ្ធភាព​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ វឌ្ឍនភាព​ការងារ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្ដូរ ទិន្នន័យ​អេ​ឡិច​ត្រូ​និ​ច​នៅ​កំពង់ផែ (Port EDI) ​ជិត​សម្រេចបាន​១០០%​ហើយ នៅ​សេសសល់​តែ​ការងារ​បច្ចេកទេស​មួយចំនួន​តូច​ប៉ុណ្ណោះ​។​

​ជាមួយគ្នា​នោះដែរ លោក​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ពាក់ ព័ន្ធ​ទាំងអស់ ​ដែល​បាន​​ខិតខំ​ប្រឹងប្រែង​​សម្រេច​ការងារ​សំខាន់ៗ​នាពេល​កន្លងមក សំដៅ​ឱ្យ​ការអភិវឌ្ឍ គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ (Port EDI) អាច​សម្រេចបាន​ជោគជ័យ និង បញ្ចប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

​សូម​ជម្រាបជូន​ថា​៖ គណៈកម្មការ​អន្តរក្រសួង​សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​និង​ភាគី​ពាក់ព័ន្ធ បាននិងកំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្ដូរ ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ​(Port EDI) នេះ​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​បែបបទ​នាវាចរណ៍ ​ចូល​-​ចេញ​ឆ្លងកាត់​មាន​ភាពងាយស្រួល ចំណេញ​ពេលវេលា មាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ជំរុញ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ឱ្យ​កាន់តែ​ប្រសើរឡើង​៕​