ដោយៈដេប៉ូ/ភ្នំពេញៈមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបាន ចាប់ផ្តើមសាងសង់ពង្រីកបន្ថែមនូវកំពង់ផែស្វយ័តព្រះសីហនុបន្ថែមទៀត ចាប់ពីឆ្នាំ២០២២ដែលរំពឹងថានឹងអាចជួយសម្រួលក្នុងការដឹកជញ្ជូន ហើយតម្លៃសេវាក្នុងការដឹកជញ្ជូននឹងមានតម្លៃទាបជាងមុនផង។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានដែលដឹកនាំដោយ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាននាឱកាសបំពេញទស្សនកិច្ច នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនាថ្មីៗនេះ លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័ត ខេត្ត ព្រះសីហនុ បានឲ្យដឹងថាកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ផែនការសាង់សង់ ចំណតកំពង់ផែស្វយ័ត ក្នុងជំហានទី១ ឱ្យរួចរាល់ក្នុងការឆ្នាំ២០២៥ ជំហានទី២ ឱ្យរួចរាល់ក្នុងឆ្នាំ២០២៨ និងជំហានទី៣ ក្នុងឆ្នាំ២០៣០ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យនាវាពីប្រទេសធំៗពិសេសនាវា មកពីអាមេរិក និងអឺរ៉ុប៨៥ភាគរយអាចចូលចតបាន មិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី និងជំហានទី៣ អាចមានសមត្ថភាពចូលទៅអឺរ៉ុប និងអាមេរិកស្ទើរ ១០០ភាគរយតែម្តង ។ព្រោះថានាពេលបច្ចុប្បន្ននេះ នាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលមកចតផែយើងបាន១៨ទៅ១៩ភាគរយប៉ុណ្ណោះ។

ដោយឡែកទាក់ទិនថវិកាសាងសង់កំពង់ផែនេះដែរត្រូវបានលោកអគ្គនាយកបញ្ជាក់ថាគឺកម្ពុជាបាន កម្ចីជាង២០០លានដុល្លារពីប្រទេសជប៉ុនដោយក្នុងនេះកម្ពុជា -ជប៉ុន បានចុះ ហត្ថលេខានៅឆ្នាំ២០១៧ ។ឥឡូវការគូរប្លង់រួចរាល់អស់ហើយ និងរង់ចាំរៀបចំឯកសារដេញថ្លៃបណ្ដើរៗដើម្បី ចុងឆ្នាំ២០២២ចាប់ផ្ដើមសាងសង់តែម្តង។

លោក លូ គឹមឈន់អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុបានឱ្យដឹងបន្ថែមថា” ឥឡូវ ផែយើងមានសមត្ថឱ្យនាវាដែលផ្ទុកកុងទីន័រត្រឹម១៥០០ទេដែលអាចចេញចូលបាន”។
លោកបានបញ្ជាក់បន្ថែមថា នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង៤០០០កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ៩៣ភាគរយ នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ហើយពិសេស វានឹងជួយធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង២០០ដុល្លារក្នុងមួយកុងតឺន័រ។

ទាក់ទិនក្នុងការសាងសង់កំពង់ផែនេះដែរ លោក លូ គឹមឈន់ បានឱ្យដឹងបន្ថែមថានៅពេលសាងសង់កំពង់ផែនរួចរាល់គឺកម្ពុជាយើងអាចទាក់ទាញវិនិយោគិនបានងាយស្រួល ព្រោះគេនាំវត្ថុធាតុដើមចូលមិនបាច់ឆ្លង កាត់ប្រទេសផ្សេងដែលជួយឱ្យចំណេញទាំងថវិការនិង ចំណេញទាំងពេលវេលា។

គួរបញ្ជាក់ថាបើ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២១នេះ បានបង្ហាញថាបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុកើនឡើង១៣ភាគរយ និងចំនួនកុងតៃន័រកើនឡើង១៧.៤៥ភាគរយ បើធៀបនឹងកាលពីឆ្នាំ២០២០៕សរន