ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​អំឡុងពេល​ស្នាក់នៅ​និង​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ពីថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ដល់​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២១ លោកស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​បានទទួល​ទាន អាហារ​ខ្មែរ​នៅផ្ទះ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ។

​លោក​ប្រាក់ សុខុន បាន​ថ្លែង​កាលពី​ម្សិលមិញ​នេះ​ថា ” ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានទទួល​ស្វាគមន៍ លោកជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី នៅ​ទឹកដី​កម្ពុជា​។ បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា​នៅ​ទីស្តីការក្រសួង ខ្ញុំ​បានរៀបចំ​អាហារ​ថ្ងៃត្រង់​នៅ​គេហដ្ឋាន​របស់ខ្ញុំ​ផ្ទាល់ ដែល​ពួកយើង​បានទទួល​ទាន​ម្ហូប​ខ្មែរ សន្ទនា​គ្នា​យ៉ាង​ស្មោះត្រង់ ហើយ​រំពឹង​ដោយ​សុទិដ្ឋិនិយម​ថា​ទំនាក់ទំនង​នៃ​ប្រទេស​របស់​យើង​នឹង​បន្ត​រីកចម្រើន​រហូត​” ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា លោក​ក៏​សូម​អបអរសាទរ​ឥណ្ឌូណេស៊ី​ដែល​នឹង​ក្លាយជា​ប្រធាន​នៃ​ក្រុម​ប្រទេស G-២០ នៅ​ឆ្នាំក្រោយ​។​​ហើយ​ក៏បាន​ជូនពរ​ថ្ងៃ​ខួបកំណើត​ម្តងទៀត ជូន​លក​ស្រី រ៉េត​ណូ​៕​