រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​មកដល់​ប៉េកាំង​ដើម្បី​ចរចា​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​

1305
ចែករម្លែក

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោក វី​ល​បួ រ៉ូ​ស បានមក​ដល់ទី​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សៅរ៍​ទី​២​មិថុនា​នេះ​ដើម្បី​ពិភាក្សារកវិធីបន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​ពន្ធគយ ដែល​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង​២​នៅលើ​ពិភពលោក​នេះ​។​

​ទោះបីជា​មានការ​ប្រកាស​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​កាលពី​ខែ​មុន​ក៏ដោយ ក៏​សហរដ្ឋអាមេរិក​កំពុងធ្វើការ​ដើម្បី​បង្ហើយ​នូវ​ការដាក់ទណ្ឌកម្ម​លើ​ក្រុង​ប៉េកាំង​ឱ្យ​រួចរាល់ រួមទាំង​ការ​រឹតបន្តឹង​លើ​ការវិនិយោគ​របស់​ចិន ការត្រួតពិនិត្យ​ការនាំចេញ និង​វាយ​ពន្ធ​ចំនួន ២៥ ភាគរយ​លើ​ទំនិញ​បច្ចេកវិជ្ជា​ចិន​ចំនួន ៥០ ពាន់​លាន​ដុល្លារ​។​

​ចិន​បាន​គំរាមកំហែង​វាយ​ពន្ធ​វិញ​លើ​ទំនិញ​រាប់សិប​ពាន់​លាន​ដុល្លារ​របស់​អាមេរិក​។​

​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក​រ៉ូ​សនឹង​ស្នាក់​នៅក្នុង​រដ្ឋធានី​រប​ស់​ចិន​រហូតដល់​ថ្ងៃអាទិត្យ​ទី​៣​មិថុនា​។​

​មន្ត្រី​ដដែល​និយាយថា គាត់​រំពឹង​ជួប​អនុប្រធាន​ចិន​លោក លីវ ហឺ នៅ​ថ្ងៃអាទិត្យ​។ លោក​លីវ​គឺជា​ប្រធាន​អ្នកចរចា​របស់​ចិន​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង​២​លើ​ពិភពលោក​នេះ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​បានកើត​ឡើង​ដោយសារតែ​ការព្រួយបារម្ភ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​សកលលោក​ទាំ​ង​មូល​កាន់តែ​ខ្លាំងក្លា​ឡើង បន្ទាប់ពី​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិចស៊ិក បានរៀបចំ​វិធានការ​សងសឹក​ទៅនឹង​ការ​វាយ​ពន្ធ​ដែកថែប​និង​អាលុយមីញ៉ូម ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សុក្រ​ទី​១​មិថុនា​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោក វី​ល​បួ រ៉ូ​ស

ទីតាំងផ្សាយពាណិជ្ជកម្ម