ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ :លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រជុំ​ទ្វេភាគី ក្នុង​ដំណើរ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃទី​៣ ដល់ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ។​

​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​៥ ខែធ្នូ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា “​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី យើង​បាន​បន្ត​ប្តេជ្ញា​កសាង​ភាព​ធន់​ទប់​ទល់នឹង​ជំងឺ​កូ​វីដ​-១៩ ពង្រឹង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ទេសចរណ៍ លើកស្ទួយ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល និង​បច្ចេកទេស​ជាដើម​។ កម្ពុជា​តែងតែ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ និង​មិត្តភាព​ដ៏​គង់វង្ស​របស់​មិត្ត​ចិន​”​។​

​គួររំលឹកថា​តប​តាម​ការអញ្ជើញ​របស់លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង សហ​ប្រតិ ប​ត្តិ ការ អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ បំពេញ ទស្សន កិច្ច ផ្លូវការ​នៅ​ទីក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៣ ដល់ ថ្ងៃទី​៥ ខែធ្នូ ។​

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មាន​ជំនួប​ទ្វេភាគី ជាមួយ​លោក វ៉ាង យី ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និង កិច្ច​សហ ប្រតិបត្តិការ នៅលើ វិស័យ​ផ្សេងៗ រួម មាន វិស័យ​ការ​ស្តារឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និង​ការពារជាតិ ក៏ដូចជា បញ្ហា តំបន់ និង អន្តរជាតិ ដែលជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម ។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ នឹង​ពង្រឹង​បន្ថែម ទៀត​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ ទំនាក់ទំនង មិត្តភាព ជា ប្រពៃណី ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ ជាក់លាក់ ព្រមទាំង​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​សម្រាប់ ផលប្រយោជន៍ ទៅវិញទៅមក របស់ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ៕​សរន​-PC