ដោយ៖សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖យុវជនម្នាក់បានជិះម៉ូតូដួលចូលក្រោមរថយន្តហើយរថយន្តអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​៨០.៨១ ត្រង់ចំណុចភូមិ​ពាមទុង ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1FO-2293 បើកបរដោយឈ្មោះ ពិន រ៉ាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដំណាក់ត្រាច​ ឃុំដំបូករូង ស្រុកភ្នំស្រួច បើកពីកើតទៅលិច ។លុះមកដល់ចំណុចខាងលើបានរេចង្កូតដួលចូលក្រោមរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា អូសជាច្រើនម៉ែត្របណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ។

ក្រោយពីកើតហេតុ សពយុវជនឈ្មោះ(ពិន រ៉ាន់)​បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងម៉ូតូ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ រងចាំដោះស្រាយនៅពេលក្រោយ៕សរន