ដោយ: ភ្នំខៀវ / បាត់ដំបង: ក្រុមមន្ត្រីអង្កេត និងពិនិត្យដែនព្រៃលិចទឹកតំបន់ ៣ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ បានរកឃើញផ្ទៃដីជិត ៩០០ហិកតាបន្ថែមទៀតដែលជនខិលខូចចូលទន្ទ្រានឈូសឆាយថ្មីៗពង្រីកជាកម្មសិទ្ធ។
នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១កន្លងមកនេះលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ព្រមទាំងកម្លាំងគណ:បញ្ជាការ រួមជាមួយប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរបានចុះផ្ទាល់ដល់ទីតាំងកាប់ទន្ទ្រាន ឈូសឆាយ បំផ្លាញព្រៃលិចទឹកតំបន់ ៣ ដើម្បីកាន់កាប់ដោយខុសច្បាប់ ដែលចំណុចខាងលើនេះត្រូវបានក្រុមល្មេីសសាបព្រោះស្រូវថ្មីៗ និងឈូសឆាយបន្ថែមវាតពង្រីកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
បេសកកម្មក្តៅបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈេីលិចទឹក ក្នុងដែនតំបន់៣ ប្រតិភូចម្រុះចុះដល់ចំណុច ក្រពេីស្គម ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាទីតាំងប្រព្រឹត្តបទល្មើសតែម្តងក្នុងគោលបំណងកំណត់ ផ្ទៀងផ្ទាត់ ព្រៃលិចទឹកតំបន់ហាមឃាត់ និងធ្វើអត្តសញ្ញាណកម្មទិន្នន័យដីដែលកាប់ទន្ទ្រាន ក្នុងនោះបានរកឃើញផ្ទៃដីដែលក្រុមជនល្មេីសទន្ទ្រានយកសរុបជិត ៩០០ ហិកតា។
ក្នុងពេលតំណាលគ្នាប្រធានគណៈបញ្ជាការឯកភាពស្រុកថ្មគោលក៏បានដឹកនាំក្រុមការងារចុះពិនិត្យ និងកំណត់មុខសញ្ញាអ្នកទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំតាម៉ឺន ភូមិសាស្ត្រឃុំជ្រោយស្តៅ ភូមិសាស្ត្រឃុំតាពូង ភូមិសាស្ត្រឃុំបឹងព្រីង បានទប់ស្កាត់ហាមឃាត់ប្រជាពលរដ្ឋចំនួន ១២គ្រួសារដែលកំពុងអាស្រ័យផលលើដីតំបន់ ៣ សរុបចំនួន ៥១.៥ហិកតាផ្សេងទៀត។
បច្ចុប្បន្នក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានស្រុកចំនួន ០៤ដែលក្រុមជនខិលខូចកំពុងទន្រ្ទានកាន់កាប់ ក្នុងនោះមានស្រុកមោងឫស្សី ស្រុកថ្មគោល ឯកភ្នំ និងស្រុកសង្កែ ស្មើ ២៩ទីតាំង សរុបផ្ទៃដីប្រមាណជា ១២ ២២១ហិកតា៕សរន