ដោយៈពៅ និមល/ភ្នំពេញៈនៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកបំពេញបេសកកម្មជាមួយក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះមកពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបស្ថិតក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៥ខែធ្នូថា សម្រាប់ថ្ងៃទី១ នៃដំណើរបេសកកម្មរយ:ពេលបីថ្ងៃគិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ នេះមានកម្មវិធីដូចតទៅ៖កម្មវិធីទី១ ៖ ខេត្តពោធិ៍សាត់ បានចុះពិនិត្យទីតាំងជាក់ស្តែងនៃការរំលោភកាប់ ទន្ទ្រានយកដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងឃុំកំពង់លួង ស្រុកក្រគរ។ បន្ទាប់មកនៅវេលាម៉ោង ១០:០០ ក្រុមការងារអន្តរក្រសួង បានអញ្ជើញចូលរួមប្រជុំ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបស្ថានភាពជារួម ពិនិត្យ វាយតម្លៃ និងដាក់ចេញនូវវិធានការដោះស្រាយ។
យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា តំបន់ ៣ នៃភូមិសាស្ត្រខត្តពោធិ៍សាត់ មានទំហំផ្ទៃដីចំនួន ៩៤ ១៤២ ហិកតាស្មើ ១៤,៥២ភាគរយ នៃទំហំផ្ទៃដីតំបន់ ៣ ទូទាំងប្រទេសដែលមានផ្ទៃដីសរុបចំនួន ៦៤៧ ៤០៦ហត ក្នុងស្រុកចំនួនបី គឺ៖ ១. ស្រុកបាកានមានចំនួន ៤ឃុំ (ស្នាមព្រះ, បឹងបត់កណ្ដាល, ឈើទឹក, អូរតាប៉ោង) មានប្រជាពលលរដ្ឋចំនួន ៣៤៩ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដី ១ ០២២,៦៨ហិកតា។ ២. ស្រុកកណ្តៀង មានទំនួន ៦ឃុំ (កោះធំ ស្រែស្តូក, កណ្ដៀង, ស្យា, កញ្ជួរ និងឃុំរាំងទិល)មានប្រជាពលរដ្ឋចំនួន ៦៦២ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដី ១៨៦៣,៧៩ ហិកតា។៣. ស្រុកក្រគរ មានចំនួន ៧ឃុំ (អន្សាចំបក់, ក្បាល់ត្រា, កំពង់លួង, អន្លង់ត្នោត, ស្នាអន្សោង កំពង់ពោធិ៍ និងឃុំអូរសណ្ដាន់) មានប្រជាពលរដ្ឋចំនួន ៩១០គ្រួសារ កំពុងអាស្រ័យផលលើ ផ្ទៃដី ១ ៥៤៧,៦ហិកតា។
លោករដ្ឋមន្ត្រីបន្តថា សរុបជារួមខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន ១.៩២១ គ្រួសារ កំពុងអាស្រ័យផលក្នុងតំបន់៣ លើផ្ទៃដី ៤ ០០០,២៨ ហត ក្នុងនោះមុនឆ្នាំ២០១២ មាន ១៤០៩ គ្រួសារ លើផ្ទៃដី ២ ៦៤១, ៤៨ ហិកតា និងក្រោយឆ្នាំ ២០១២ មាន ៥១២ គ្រួសារ លើផ្ទៃដី ១ ៣៥៨,៨ ហិកតា។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញ និងពិនិត្យពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធរួចមកអង្គប្រជុំទាំងមូល បានសម្រេចដាក់ចេញវិធានការ មួយចំនួន។ក្នុងនោះ៖១. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំបញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដីនិងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីពេលមុន។២.ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុនិងដាក់បណ្ដឹងអាជ្ញាទៅតុលាការ។៣.ទន្ទឹមនឹងវិធានការផ្លូវច្បាប់ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។៤.កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។៥.ជូនក្រសួងធនធានទឹកនិងឧតុនិយមទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។៦. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញនិងទី៧. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី៕សរន