ដោយៈចេង ហ៊ាង/ក្រចេះៈប៉ោដើមស្វាយជាភូមិដាច់ស្រយាលមួយ នៃឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលមានចម្ងាយផ្លូវប្រមាណជាង១៣០គីឡូម៉ែត្រពីទីរួមខេត្ត។
បច្ចុប្បន្នភូមិប៉ោដើមស្វាយមានសាលារៀនដែលមានអគារសិក្សាមួយខ្នងបីបន្ទប់ជាប្រភេទសាលារោងដោលដែលបានសាងសង់ឡើងដោយសហគមន៍ភូមិប៉ោដើមស្វាយក្នុងឆ្នាំ(២០១៤.២០១៥) ។សាលាមានសិស្សចំនួន១៨៥នាក់(ស្រីចំនួន៩០)ក្នុងឆ្នាំសិក្សា២០២០- ២០២១។នេះបើតាមការបញ្ជាក់ពីលោកនាយកសាលា។
តាមរយៈមន្ទីរ និងការិយាល័យអប់រំ ,នាយកដ្ឋានសំណង់នៃក្រសួងអប់រំយុវជននិងកីឡាបានចុះមកសិក្សាឃើញភាព លំបាករបស់កុមារក្នុងការសិក្សារៀនសូត្រ បានសម្រេចផ្តល់ឲ្យសំណង់អគារសិក្សាមួយខ្នងប្រាំបន្ទប់ បង្គន់អនាម័យមួយខ្នងប្រាំបន្ទប់និងអាងស្តុកទឹកបេតុងចំណុះ២០ម៉ែត្រគូប។សំណង់នេះរៀបចំដោយនាយកដ្ឋានសំណង់នៃក្រសួងអប់រំយុវជននិងកីឡាឧបត្ថម្ភដោយកម្មវិធីគាំទ្រហិរញ្ញប្បទានឥតសំណងនៃភាពជាដៃគូសហភាពអឺរ៉ុប.កម្ពុជា ហើយនិងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ខែធ្នូឆ្នាំ២០២១នេះ។
លោក សេង គង់ តំណាងឲ្យសហគមន៍ភូមិប៉ោដើមស្វាយ បានប្រាប់រស្មីកម្ពុជាថា៖មធ្យោបាយក្នុងការធ្វើដំណើរមកដល់ភូមិនេះលំបាកណាស់ ខ្ញុំមិននឹកស្មានថាភូមិរបស់ខ្ញុំមានសំណាងបានទទួលសមិទ្ធផលដែលរៀបចំដោយនាយកដ្ឋានសំណង់នៃក្រសួងអប់រំយុវជននិងកីឡា ឧបត្ថម្ភដោយកម្មវិធីគាំទ្រហិរញ្ញប្បទានឥតសំណងនៃភាពជាដៃគូសហភាពអឺរ៉ុបកម្ពុជានេះឡើយ។ ទោះជាប្រទេសជាតិជួបវិបត្តិជម្ងឺកូវីដ.១៩ក៏ដោយ ក៏ក្រសួងនៅតែខិតខំធ្វើឲ្យការអប់រំនៅតែមានគុណភាពប្រសើរជានិច្ច ។
ប្រភពដដែលបន្តទៀតថា សូមសំណូមពរដល់រដ្ឋនិងក្រុមហ៊ុនដែលមានក្នុងតំបន់នេះជួយធ្វើផ្លូវថ្នល់ឲ្យបានល្អផងត្បិតអីក្នុងភូមិសាស្ត្រនេះមានក្រុមហ៊ុនច្រើននៅទីតាំងនេះនិងធ្វើដំណើរលើផ្លូវនេះដែរ។ម្យ៉ាងវិញទៀតភ្លើងអគ្គិសនីក៏ពុំទាន់មានប្រើដែរមានតែបង្គោលភ្លើងនិងខ្សែកាបចំនួនបីនៅលើបង្គោលភ្លើង គិតទៅប្រហែលបីឆ្នាំហើយដែលបានដាក់លើភូមិនេះ៕សរន
ទិដ្ឋភាពនៃការបើកការដ្ឋានសាងសង់សាលា បង្គន់អនាម័យនិងអាងស្តុកទឹកចំនួន (រូបថតចេង ហ៊ាង)