ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ប៉ូលិសបែលហ្ស៊ិកបានបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករនៅទីក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យទី៥ធ្នូបន្ទាប់ពីបាតុករភាគច្រើនបានដើរក្បួនដោយសន្តិវិធីដើម្បីតវ៉ាប្រឆាំងនឹងការរឹតបន្តឹងថ្មីៗ ដែលរៀបចំឡើងដើម្បីទប់ទល់នឹងការកើនឡើងករណីឆ្លងកូវីដ១៩។
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីបដិសេធវិធានការថ្មីដែលបានប្រកាសកាលពីថ្ងៃសុក្រពោលគឺសប្តាហ៍ទីបីជាប់ៗគ្នាដែលរដ្ឋាភិបាលបានរឹតបន្តឹងច្បាប់របស់ខ្លួនខណៈដែលការផ្ទុះឡើងករណីថ្មីបានធ្វើឱ្យប៉ះពាល់ដល់សេវាសុខភាពរបស់ប្រទេស ដោយនាំឱ្យមនុស្សកើតជំងឺគំរាមកំហែងអាយុជីវិតផ្សេងទៀតមិនអាចទទួលបានការព្យាបាល។
ស្រែកថា “សេរីភាព! សេរីភាព!” និងកាន់បដាសរសេរថា “រួបរួមគ្នាដើម្បីសេរីភាព សិទ្ធិនិងកូនរបស់យើង” ក្រុមអ្នកតវ៉ាបានដើរក្បួនទៅកាន់ទីស្នាក់ការសហភាពអឺរ៉ុប។ អ្នកខ្លះកាន់បដារិះគន់ចំពោះវ៉ាក់សាំងនិងប្រឆាំងនឹងការចាក់វ៉ាក់សាំងជាកាតព្វកិច្ច។
ហ្វូងមនុស្សនៅក្នុងការហែក្បួនដោយសន្តិវិធីកាលពីថ្ងៃអាទិត្យភាគច្រើនបានបំបែករួចទៅហើយ នៅពេលដែលបាតុករប្រហែល ១០០នាក់បានរត់ទម្លុះរបាំងប៉ូលិសកុបកម្មដែលបិទផ្លូវចូលទៅកាន់គណៈកម្មការអឺរ៉ុប។
បន្ទាប់ពីប្រឈមមុខដាក់គ្នាមួយប្រាវជាមួយប៉ូលិស ក្រុមបាតុករបានគប់សំរាមនិងវត្ថុផ្សេងទៀត រួមទាំងកង់មួយដាក់ប៉ូលិស ហើយបានដុតផាវ និងកាំជ្រួចភ្លើង។
ប៉ូលិសបានបាញ់ទឹកនិងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។ ភ្លាមៗនោះមិនមានរបាយការណ៍អំពីអ្នករបួសទេ។
នាយករដ្ឋមន្ត្រី អាឡិចសាន់ឌ័រ ដឺ គ្រូ បានប្រកាសកាលពីថ្ងៃសុក្រថា មជ្ឈមណ្ឌលថែទាំពេលថ្ងៃនិងសាលាបឋមសិក្សានឹងត្រូវបិទសម្រាប់ថ្ងៃឈប់សម្រាកមួយសប្តាហ៍មុនហើយកុមារត្រូវពាក់ម៉ាស់ចាប់ពីអាយុ ៦ ឆ្នាំ។ ព្រឹត្តិការណ៍រៀបចំខាងក្នុងអគារនឹងត្រូវអនុញ្ញាតឱ្យមានមនុស្សអតិបរមា ២០០ នាក់ប៉ុណ្ណោះ។
មុននេះរដ្ឋាភិបាលបានបិទក្លិបរាត្រី ហើយបានបញ្ជាឱ្យបារនិងភោជនីយដ្ឋានបិទនៅម៉ោង ១១ យប់សម្រាប់រយៈពេលបីសប្តាហ៍។ មានពាក្យចចាមអារ៉ាមខ្លាំងឡើងថាម៉ោងបិទនឹងត្រូវលើកមកត្រឹមម៉ោង ៨ យប់ ប៉ុន្តែពួករដ្ឋមន្ត្រីបានសម្រេចចិត្តប្រឆាំងនឹងការបិទម៉ោងនេះ៕
បាតុករត្រូវបានបង្ក្រាបនៅទីក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យ