​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​(​ស៊ីន​ហួរ​)៖ ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​ចេញ​របាយការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់ខ្លួន ក្រោម​ចំណងជើង​ថា​«​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អា​​ម៉េ​រិក​»​។​

​ផ្អែក​លើ​ការ​ពិត​និង​មតិ​របស់​អ្នកជំនាញ របាយការណ៍​នេះ​មាន​បំណង​បង្ហាញ​អោយឃើញ​កំសោយ​និង​ការរំលោភ​លទ្ធិប្រជាធិបតេយ្យ​នៅ​អាម៉េរិក ព្រមទាំង​ផល​អាក្រក់​នៃ​ការនាំ​ចេញ​ប្រភេទ​លទ្ធិ​ប្រជា​​ធិបតេយ្យ​ដូច្នេះ​។​

​របាយការណ៍​បាន​និយាយថា ក្រសួង​សង្ឃឹមថា អាម៉េរិក​នឹង​ធ្វើអោយ​ល្អប្រសើរ​ឡើង​ប្រព័ន្ធ​របស់​ខ្លួនឯង​ផ្ទាល់​ក្នុង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​និង​ផ្លាស់ប្តូរ​វិធី​នៃ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រទេស​​ដទៃ​។​

​បន្ថែម​លើ​បុព្វកថា​និង​ការសន្និដ្ឋាន​ខាងលើ របាយការណ៍​មាន​ពីរ​ផ្នែក​មាន​ចំណងជើង​ថា​«​អ្វី​ជា​លទ្ធិប្រជាធិបតេយ្យ​?»​និង «​ការបែកបាក់​និង​វិបត្តិ​៣​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​អាម៉េរិក​»​។​

​យោងតាម​របាយការណ៍​នេះ លទ្ធិប្រជាធិបតេយ្យ​ជា​តំលៃ​រួមមួយ ដែល​ត្រូវបាន​ចែករំលែក​ដល់​មនុស្សជាតិ​ទាំងអស់​។​វា​ជា​សិទ្ធិ​មួយ​សំរាប់​ប្រជាជាតិ​ទាំងអស់ មិនមែន​ជា​សិទ្ធិផ្តាច់មុខ​សំរាប់តែ​ប្រទេស​បី​បួន​​នោះទេ​។​លទ្ធិប្រជាធិបតេយ្យ​ក៏មាន​ទំរង់​ផ្សេងៗ​គ្នា និង​មិន​មាន​គំរូ​ប្រជាធិបតេយ្យ​«​ទំហំ​តែ​មួយ ពាក់​ត្រូវ​គ្រប់គ្នា​»​នោះទេ​។​

​របាយការណ៍​បន្តថា វា​មិន​ប្រជាធិបតេយ្យ​ទាល់តែសោះ​ដែល​វាស់វែង​ប្រព័ន្ធ​នយោបាយ​ផ្សេង​គ្នា​នៅក្នុង​លោក​ជាមួយនឹង​ម៉ែត្រ​តែមួយ ឬ​ពិនិត្យ​អារយ្យធម៌​ន​យោ​បាន​ផ្សេង​គ្នា​មកបី​ជ្រុង​តែ​ម្ខាង​។​ប្រព័ន្ធ​​នយោបាយ​របស់​ប្រទេស​មួយ គួរ​ត្រូវ​បានសំរេច​ដោយ​ឯករាជ្យ​ពី​ប្រជាជន​នៃ​ប្រទេស​នោះ​ផ្ទាល់​។​ចេញពី​ទស្សនវិស័យ​ប្រវត្តិសាស្ត្រ​មួយ ការអភិវឌ្ឍ​ប្រជាធិបតេយ្យ​នៅ​អាម៉េរិក​ជា​ការបោះ​ជំហាន​ទៅ​មុខ​មួយ​។​​ទោះជា​យ៉ាងណា នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ លទ្ធិប្រជាធិបតេយ្យ​នៅ​អាម៉េរិក​កាន់តែ​លែង​ជិតស្និទ្ធ​និង​បែកបាក់ ហើយ​កាន់តែ​ងាក​ចេញពី​ខ្លឹមសារ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​រចនាបទ​ដើម​របស់​វា ។​

​របាយការណ៍​នេះ​ពណ៌នា​លម្អិត​អំពី​ការបែកបាក់​និង​បញ្ហា​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​អាម៉េរិក​ចេញមក​ពី​ទស្សនវិស័យ​ចំនួន​៣ ទី​១ ប្រព័ន្ធ​ដែល​ជាប់​ក្នុង​បញ្ហា​ដ៏​ជ្រៅ ទី​២ ការ​អនុវត្តិ​លទ្ធិប្រជាធិបតេយ្យ​បែប​​ច្របូកច្របល់ និង​ទី​៣​ផលវិបាក​ដ៏​អន្តរាយ​នៃ​ការនាំ​ចេញ​លទ្ធិប្រជាធិបតេយ្យ​បែប​អាម៉េរិក​។​

​វា​បាន​និយាយទៀតថា សំខាន់​ឥឡូវ​អាម៉េរិក​ត្រូវ​ធ្វើការ​ដោយ​ហ្មត់ចត់​ដើម្បី​ធានាបាន​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​ខ្លួន និង​ធ្វើអោយ​ល្អប្រសើរ​ឡើង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ជា​ជាង​សង្កត់ធ្ងន់​​លើ​លទ្ធិប្រជាធិបតេយ្យ​តាម​បែបបទ​ផ្លូវការ​។​អ្វី​ដែល​សំខាន់​សំរាប់​អាម៉េរិក​គឺ ប្រទេស​នេះ​យក​ការទទួលខុសត្រូវ​អន្តរជាតិ​អោយ​កាន់តែ​ច្រើន​និង​ផ្តល់​ទង្វើ​ល្អ​សាធារណៈ​កាន់តែ​ច្រើន​ទៅកាន់​ពិភពលោក ជាជាង​ស្វះស្វែង​ដាក់​លទ្ធិប្រជាធិបតេយ្យប្រ៊ែន​របស់​ខ្លួន​លើ​អ្នកដទៃ ប្រើ​តំលៃ​របស់​ខ្លួន​ផ្ទាល់​ជា​មធ្យោបាយ​សំរាប់​បំបែកបំបាក់​ពិភពលោក​ទៅ​ជា​ក្រុម​ផ្សេងៗ ឬ​អនុវត្ត​អន្តរាគមន៍ វិទ្ធង្សនា​និង​ឈ្លានពាន​​ប្រទេស​ដទៃ​ក្រោមលេស​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​។​

​ដោយ​អំពាវនាវ​អោយ​ប្រទេស​ទាំងអស់​នៅ​អោយ​ផុត​ពី​ការខ្វែងគំនិត​គ្នា​ខាង​ប្រព័ន្ធ បដិសេធចោល​គំនិត​មាន​អ្នកឈ្នះ​អ្នកចាញ់​ហើយ​បន្ត​អនុវត្ត​ពហុភាគី​និយម​ពិតៗ របាយការណ៍​បាន​និយាយថា សហ​​គម​ន៍​អន្តរជាតិ​ឥឡូវ​ជួប​ការ​ប្រឈម​បន្ទាន់​ខ្នាត​សកល ចាប់តាំងពី​កូវី​ដ​១៩ ការធ្លាក់ចុះ​សេដ្ឋកិច្ច​រហូត​ដល់​វិបត្តិ​ប្រែប្រួល​អាកាសធាតុ ។​ប្រទេស​ទាំងអស់​ត្រូវ​តែ​រក្សា​សន្តិភាព ការអភិវឌ្ឍ សមភាព និង​​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព ដែល​សុទ្ធសឹង​ជា​តំលៃ​រួម​នៃ​មនុស្សជាតិ​។​វា​សំខាន់​ដែល​គ្រប់​ប្រទេស​គោរព​គ្នា ធ្វើការ​ពង្រីក​មូលដ្ឋាន​រួម ដោយ​ទុក​ការខ្វែងគំនិត​គ្នា​ទៅ​មួយ​ផ្នែក ជំរុញ​កិច្ច​សហ​​ប្រតិបត្តិការ​សំរាប់​ផលប្រយោជន៍​ទៅវិញទៅមក និង​រួម​គ្នា​ស្ថាបនា​សហគមន៍​មួយ​ជាមួយនឹង​អនាគត​រួម​គ្នា​៕