ដោយ​៖ សុខុម / ស្ទឹងត្រែង​៖ សមត្ថកិច្ច បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី ៦​ខែធ្នូ ឆ្នាំ​២០២១​ថាៈ បុរស​ម្នាក់​ដែល​ល្បី​ចែក​ក្រដាសប្រាក់​ដុល្លារ និង​មាស ដូចជា​សេដ្ឋី តាម​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​តុលាការខេត្ត​ស្ទឹងត្រែង សម្រេច​ចោទប្រកាន់​ឃុំខ្លួន ដាក់ពន្ធនាគារ ជា​បណ្ដោះអាសន្ន​ហើយ ពីបទ​ឆបោក កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១​។​

​សូមបញ្ជាក់ថា ករណីនេះ សមត្ថកិច្ច​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ ជាមួយ នគរបាល​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន ឈ្មោះ កុង សីលា នៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១​។ ការចាប់ខ្លួន​នោះ បានធ្វើ​ឡើង ក្រោយពី​ជន​ចាប់ចោ​ទបាន​ឡាយ ហ្វេ​ស​ប៊ុ​ក ប្រើប្រាស់​គណនី​យ​ហ្វេ​ស​បុក ឈ្មោះ Hwe Kmn ចែក​លុយ ចែក​មាស ជាច្រើន ដោយ​គ្រាន់តែ like ស៊ែ​ផេ​ក ដាក់​លេខ​ទូរ​សព្ទ ឈ្មោះ​ទីតាំង ខេត្ត ក្រុង ម្នា​ក់មួយ នឹង​ទទួលបាន​ប្រាក់ ១០០ ដុល្លារ​។​

​ក្រោយពេល​ឃាត់ខ្លួន​សាកសួរ បុរស​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា គេ​ធ្វើ​នេះ ដើម្បី​ទទួល បានការ​គាំទ្រ ផេ​ក​ហ្វេ​ស​ប៊ុ​ក កាន់តែច្រើន តែប៉ុណ្ណោះ​៕/V​-PC