ដោយ​៖ រ៉ា​ម៉ន / ព្រះវិហារ​៖ រង្វង់​មូល​ស្រអែម ដែល​ស្ថិតនៅ​ចំណុច​ផ្លូវ​ប្រសព្វ​គ្នា​ជា ៣ ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​បាន​យក​រចនាបថ តាម​ប្រាសាទ ព្រះវិហារ​នេះ ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី តាមបែប​សាសនា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ផ្ដល់​សេចក្តីសុខ សេចក្តីចំរើន មុននឹង​ធ្វើ​ពី​ធី​សម្ពោធ ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​រសៀល ថ្ងៃទី​៦ ធ្នូ ២០២១ នេះ​។​

​ពិធី​ក្រុង​ពាលី​នេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​៦ ធ្នូ ២០២១​នេះ ក្រោម​វត្តមាន លោក បណ្ឌិត ធន់ វ​ឌ្ឍ​នា អនុប្រធាន​ក្រុមការងារ របស់​រាជរដ្ឋាភិបាល ចុះ​ពង្រឹង​មូលដ្ឋាន ខេត្តព្រះវិហារ​, លោក លី សា​រ៉ា​រិ​ទ្ធ អភិបាលរង ខេត្តព្រះវិហារ និង​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ​។​

​លោក សំ លាង​ទ្រី បាន​មានប្រសាសន៍ថាៈ រូបសំណាក​ប្រាសាទព្រះវិហារ នៅលើ​រង្វង់​មូល ស្រអែម​នេះ ជា​សមិទ្ធផល​មួយ​ថ្មី​ទៀត ដែល​បាន​សាងសង់ឡើង ក្រោម​គំនិត​ផ្តួចផ្តើម ពី​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង មូលដ្ឋាន ខេត្តព្រះវិហារ ដោយ បាន​ចំណាយ​ថវិកា អស់​ចំនួន ១២៥.០០០ ដុល្លារ អាមេរិក តែ​មិនមែនជា​ថវិកា​របស់​ជាតិ​នោះ ទេ ។

​ថវិកា​ទាំងនេះ​បានមកពី​ការជួយ​ឧបត្ថម​ពី​លោក​ទេសរដ្ឋមន្ត្រី មាស សុភា លោក​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក សួស យ៉ា រ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​, លោក អ៊ុន ចាន់ ដា អតីត​អភិបាលខេត្ត​ព្រះវិហារ , លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ ក , លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ , លោក​សំ លាង​ទ្រី ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ និង​សប្បុរសជន​នានា ជា ច្រើន​រូប​ទៀត​។​

​រង្វង់​មូល​ស្រអែម នឹងត្រូវ​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​រសៀល ថ្ងៃទី​៦ ធ្នូ ២០២១ នេះ ក្រោម​អធិបតីភាព លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត ព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ។​

​ចំពោះ ការសាងសង់​រូបសំណាក គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​នេះ គឺ​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ ជា​អ្នកទទួលខុសត្រូវ ក្នុងការ​សាងសង់ ទាំងស្រុង ក្នុងនោះ ត្រូវ សាងសង់​រង្វង់​មូល ដែលមាន​អង្កត់ផ្ចិត ៤០ ម៉ែត្រ​រូបសំណាក គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទ ព្រះវិហារ ខ្នាត ១ លើ ២៥ ស្មើនឹង ៧៥% នៃ​តួ​ប្រាសាទ ព្រះវិហារ ដើម មាន​រូប​នាគ ២ ហើយ នៅលើ​រង្វង់​មូល​នេះ ក៏​នឹងមាន​ការដាំ​ស្មៅ​ផ្កា និង​ដើមឈើ​លម្អ យ៉ាង​ស្រស់ស្អាត ផងដែរ​។​

​គួររំលឹកថា រង្វង់​មូល​ស្រអែម​នេះ បានធ្វើ​ពិធី​បែប​សាសនា ដោយ​ក្រុង​ពាលី បញ្ចុះបឋមសិលា សាងសង់ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក មាស សុភា ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តព្រះវិហារ​៕/V​-PC