​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វាសនា (​ស៊ីនហួ​,​ស្ត្រេត​ថែមស៍​) ៖ ជា​លើកដំបូង​ក្នុង​រយៈពេល​ពីរ​ខែ សហរដ្ឋ​អាម៉េរិក​មាន​ករណី​ឆ្លងកូវី​ដ​ថ្មី​ជា​មធ្យម​ជា​ង ១០០.០០០​នាក់​ជា​រៀងរាល់ថ្ងៃ​ពោលគឺ​តែ​ប៉ុន្មាន​ថ្ងៃ​​បន្ទាប់​ពី​ជនជាតិ​អាម៉េរិក​រាប់លាន​នាក់​បាន​ធ្វើ​ដំណើរ​សម្រាប់​ថ្ងៃបុណ្យ Thanksgiving ។​

​ករណី​ឆ្លងកូវី​ដ​១៩​ជា​មធ្យម​រយៈពេល​ប្រាំពីរ​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​គឺ ១២១.៤៣៧ នាក់ នេះ​យោងតាម CNN ដកស្រង់​ទិន្នន័យ​ពី​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន (JHU) ។ មុន​ឈាន​ដល់​សប្តាហ៍​មុន សហរដ្ឋ​អាម៉េរិក​មាន​ករណី​ឆ្លង​ដល់​កំពូល ១០០.០០០ នាក់​ចុងក្រោយ​បំផុត​គឺ​នៅ​ដើមខែ​តុលា​។​

​ទិន្នន័យ​របស់ JHU​បាន​បង្ហាញ​ផង​ដែរ​នូវ​ការកើនឡើង​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ ជា​មធ្យម​រយៈពេល​ប្រាំពីរ​ថ្ងៃ គឺ ១.៦៥១ នាក់​ជា​រៀងរាល់ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​។​ការស្លាប់​ប្រចាំ​ថ្ងៃ​ជា​មធ្យម​​មិន​មាន​កម្រិត​ខ្ពស់​បែបនេះ​ទេ​ក្នុង​រយៈពេល​ជាង​មួយ​ខែ​មកនេះ​។​

​កាលពី​ថ្ងៃអាទិត្យ លោកស្រី រ៉ូ​ឆែល វ៉ា​ឡិន​ស្គី នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាម៉េរិក (CDC)​និង​មន្ត្រី​សុខាភិបាល​អាម៉េរិក​បាន​និយាយថា ថា​មេរោគ​អូ​មី​ក្រុង​ត្រូវបាន​រក​​ឃើញ​នៅក្នុង​រដ្ឋ​ប្រហែល​១​ភាគ​៣​របស់​សហរដ្ឋ​អាម៉េរិក​តែ​មេរោគ​ដែល​តា​នៅតែ​តំណាង​អោយ​ចំនួន​ឆ្លង​ភាគច្រើន​នៅ​ទូ​ទាំង​សហរដ្ឋ​អាម៉េរិក​។​

​រដ្ឋ​អាម៉េរិក​ចំនួន​១៦​បាន​រាយការណ៍​អំពី​ការរកឃើញ​មេរោគ​អូ​មី​ក្រុង រួមា​ន​California, Colorado, Connecticut, Hawaii, Louisiana, Maryland, Massachusetts, Minnesota, Missouri, Nebraska, New Jersey, New York, Pennsylvania, Utah, Washington និង Wisconsin​។​អ្នក​ឆ្លង​ជាច្រើន​ជា​អ្នក​ចាក់​វ៉ាក់សាំង​រួចហើយ​​រីឯ​រោគសញ្ញា​ស្រាលៗ​។​

​ប្រធាន​ទីប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​ចូ បៃ​ដិន លោក​វេជ្ជបណ្ឌិត អាន​ថូ​នី ហ្វូ​ស៊ី បាន​ប្រាប់​កម្មវិធី State of the Union​របស់​ទូរទស្សន៍ CNN ថា “​រហូតមកទល់​ពេលនេះ មេរោគ​​នេះ​ហាក់​មិន​មាន​កម្រិត​ធ្ងន់ធ្ងរ​នោះ​ទេ​។ ប៉ុន្តែ​យើង​ពិតជា​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​មុន​ពេល​យើង​ធ្វើ​ការសម្រេច​ណាមួយ​ថា​វា​មិនសូវ​ធ្ងន់ធ្ងរ​ឬ​វា​ពិតជា​មិន​បង្ក​ឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ​ធៀប​ទៅនឹង​​មេរោគ​ដែល​តា​”​។​

​លោកស្រី រ៉ូ​ឆែល វ៉ា​ឡិន​ស្គី បាន​ប្រាប់​សារព័ត៌មាន ABC News​ថា ទោះជា​រកឃើញ​ករណី​ឆ្លង​អូ​មី​ក្រុង​ជាច្រើន តែ​ដែល​តា​នៅតែ​តំណាងអោយ​ការឆ្លង​៩៩,៩​ភាគរយ​នៅ​អាម៉េរិក​៕

​អ្នកស្លាប់​ប្រចាំថ្ងៃ​ដោយ​កូ​វីដនៅ​អាម៉េរិកគឺ ១.៦៥១ នាក់​កាលពី​ថ្ងៃ​សៅរ៍ ។​៧​ថ្ងៃ​មកនេះ អាម៉េរិក​ជា​មធ្យម​មួយ​ថ្ងៃ​ឆ្លង​១១៩.០០០​នាក់ និង​១.៣០០​នាក់​ស្លាប់​