ដោយៈ សុផល / ភ្នំពេញ​៖ ចំនួន​រថយន្ត​មានការ​កើនឡើង ប្រមាណ​ពី ៦,៥ ម៉ឺន​គ្រឿង រហូតដល់ ៩២ ម៉ឺន​គ្រឿង ធៀប​ពី​ឆ្នាំ​១៩៩៨ ដល់ ២០២១ ខណៈ​ចំនួន​ទោច​ក្រ យានយន្ត កើនឡើង​ប្រមាណ​ពី ២០ ម៉ឺន​គ្រឿង រហូតដល់ ៥,២ លាន​គ្រឿង​។ នេះ​បើ​យោងតាម​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​នៅក្នុង​ពិធី សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បើ​ប្រៀបធៀប​អំពី សុខមាលភាព​សាធារណៈ រវាង​ឆ្នាំ ១៩៩៨ និង​បច្ចុប្បន្ន អាយុ​សង្ឃឹម​រស់ របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏មាន​ការកើនឡើង គួរឱ្យកត់សម្គាល់ ផងដែរ ពោលគឺ​ពី ៥៦ ឆ្នាំ រហូតដល់​ជាង ៧០ ឆ្នាំ ដែលជា​សូ​ច នាករ​មួយ បង្ហាញឱ្យឃើញ​ភាព ប្រសើរឡើង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន ប្រជាពលរដ្ឋ​។​

​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ កំណើន​ការអភិវឌ្ឍន៍ និង​ភាពល្អប្រសើរ​ទាំងនេះ គឺ​បណ្តាលមកពី មូលដ្ឋានគ្រឹះ នៃ​សុខសន្តិភាព ដែល​បាន​ផ្តល់ឱកាស ឱ្យ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា និង​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ប្រទេសជាតិ ឡើងវិញ ព្រមទាំង​បោះជំហាន យ៉ាងរឹងមាំ លើ​មាគ៌ា​អភិវឌ្ឍន៍ និង​ទទួល​បានការ រីកចម្រើន លើ​គ្រប់​វិស័យ គួរ​ជាទី​មោទនៈ ស្របតាម​ពាក្យស្លោក “​មាន​សន្តិភាព គឺមាន​ការអភិវឌ្ឍ និង​មាន​អ្វីៗ​ទាំងអស់ ដូច​ពេល​សព្វថ្ងៃនេះ​”​។

ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ និង​នយោបាយ ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​នាំ​មកឱ្យ​កម្ពុជា នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ពេញលេញ ព្រមទាំង​ការអភិវឌ្ឍ សង្គម​-​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ​ទាំង​នៅ ទីក្រុង និង​ជនបទ​។

​ជាមួយគ្នានេះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ពី​សក្តានុពល នៃ ផ្លូវជាតិ​លេខ​១១ លើ​ការតភ្ជាប់​ទំនាក់ទំនង​រូបវន្ត ស្ថាប័ន និង​ប្រជាជន​រវាង​ខេត្ត ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ជាមួយនឹង​រាជធានី​-​ខេត្ត ផ្សេងៗ​ដទៃទៀត និង​ជា​ផ្លូវ​មួយ ដែល​ជួយ​សម្រួល ដល់​ចរាចរណ៍ ការដឹកជញ្ជូន​ទំនិញ អ្នកដំណើរ និង​ទេសចរណ៍ ព្រមទាំង​កសិផល និង​ដំណាំ ក​សិ​-​ឧស្សាហកម្ម​ផ្សេងៗ ជាច្រើន​របស់​បងប្អូន ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ធុរកិច្ច​នានា ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង ចំណាយ​តិច​។ ការស្ថាបនា និង​លើក កម្រិត​ផ្លូវ​នេះ មិន​ត្រឹមតែ​ជួយ​សម្រួល ដល់​ចរាចរណ៍ ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ថែមទាំង ជួយ​បង្ការ ការពារ និង​កាត់បន្ថយ នូវ​គ្រោះទឹកជំនន់ នាពេល​អនាគត​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថាៈ សមិទ្ធផល​ថ្មី​នេះ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិនអាច កាត់ ថ្លៃ​បាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស ដើម្បី​ប្រើប្រាស់ ជា​ប្រយោជន៍​ទូទៅ និង​យូរអង្វែង​។

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ផងដែរ អំពី​ការបន្ត​អនុវត្ត គម្រោង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ អាទិភាព​សំខាន់ៗ មួយចំនួន រួមមាន គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ រួមទាំង​គម្រោង ដែល​កំពុង​ត្រៀម​អនុវត្ត សំខាន់ៗ មួយចំនួនទៀត រួមមានៈ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ ស្ពាន​ឆ្លង កាត់​ទន្លេបាសាក់ នៅ​ចាក់អង្រែ​ក្រោម ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​កំពង់ចាម​) គម្រោង​សាងសង់​ផ្លូវជាតិ ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅ​ខេត្តសៀមរាប និង​ផ្លូវជាតិ​ត​ភ្ជាប់ ពី​ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ (​ផ្លូវជាតិ​លេខ​៥០C) ក្នុង​ដំណើរ​ការត្រៀម​ស្តារ សេដ្ឋកិច្ច​ឡើងវិញ​។​

​ដោយឡែក លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ ជា​ឱឡារិក ចំពោះ​ប្រសាសន៍ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានលើកឡើង កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ក្នុង​ពិធី​សម្ភោ​ធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៧ ខ្សែ នៅ​ក្រុងព្រះសីហនុ ក្នុងការ​ប្រកាស គាំទ្រ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយករដ្ឋមន្ត្រី នាពេល​អនាគត​៕/V​-PC