ដោយ​: ពៅ​និមល / ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់ ក្រុមការងារ​អន្តរក្រសួង បាន​ឲ្យ​ដឹងថាៈ ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង តំបន់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ដីព្រៃ របស់​រដ្ឋ មាន​ចំនួន​៣​តំបន់ នៃ​ផ្ទៃដី​សរុប​ទំហំ ២០៦ ៩៥៣ ហិកតា ស្មើនឹង ៣១,៩៦% សរុប​មាន​ចំនួន ២៩ ទីតាំង ស្មើនឹង​ផ្ទៃដី​ប្រមាណ ១២ ២២១ ហិកតា និង​មាន​ប្រជា ពលរដ្ឋ ដែល​ចូល​ទន្ទ្រាន​កាន់កាប់ ចំនួន ២ ៥១៤ គ្រួសារ​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ នេះ ក្រោយ​ចប់​កិច្ចប្រជុំ ដើម្បី​ពិនិត្យ វាយតម្លៃ​រួម និង​ដាក់ចេញ​នូវ យន្តការ​ដោះស្រាយ របស់​ក្រុមការងារ​អន្តរក្រសួង ដឹកនាំ​ដោយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើក ឡើង ក្នុង​បណ្តាញ​សង្គម​ថា បន្ទាប់ពី​ក្រុមការងារ​អន្តរក្រសួង បាន​អញ្ជើញ​ចុះទៅ ពិនិត្យ ទីតាំង​ជាក់ស្តែង​រួចមក បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ​វាយតម្លៃ​ជារួម និង​ដាក់ចេញ​នូវ យន្តការ​ដោះស្រាយ ចំពោះមុខ និង​វិធាន​ការការពារ ដីព្រៃ​លិច​ទឹក របស់​រដ្ឋ នៅ​សាលាខេត្ត​បាត់ដំបង​។

​លោក​បាន​បញ្ជាក់ថាៈ ប្រជាពលរដ្ឋ ដែល​ចូល​ទន្ទ្រាន កាន់កាប់​ដីព្រៃ​រដ្ឋ ចំនួន ២ ៥១៤ គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ចំនួន ១៧ ក្នុងស្រុក​ចំនួន​៤ មានដូចជា ១.​ស្រុក​សង្កែ មាន​ឃុំ​ចំនួន ១០ ក្នុងនោះ មាន​ឃុំ ៤ ស្ថិតនៅ​ជាប់​នឹង​តំបន់​ដីព្រៃ​លិច​ទឹក បឹង​ទន្លេសាប មាន​តំបន់​ទន្ទ្រាន កាន់កាប់ ៦​កន្លែង ស្មើនឹង ១១៤,៥ ហិកតា និង​មាន​ប្រជាពលរដ្ឋ ចំនួន ១ ៩៤៤ គ្រួសារ​។ ២.​ស្រុក​ថ្មគោល​៖ មាន​ឃុំ​ចំនួន ១០ ក្នុងនោះ​មាន​ឃុំ​៤ ស្ថិតនៅ​ជាប់​នឹង​តំបន់​ដីព្រៃ​លិច​ទឹក បឹង​ទន្លេសាប មាន​តំបន់​ទន្ទ្រាន កាន់កាប់ ៨​កន្លែង ស្នើ​ផ្ទៃដី ៣៨៦ ហិកតា និង​មាន ប្រជាពលរដ្ឋ ចំនួន ៦៩ គ្រួសារ​។ ៣.​ស្រុក​មោងឫស្សី​៖ មាន​ឃុំ​ចំនួន​៩ ក្នុងនោះ​មាន​ឃុំ​៥ ស្ថិតនៅ​ជាប់​នឹង​តំបន់​ដី ព្រៃ​លិច​ទឹក បឹង​ទន្លេសាប មាន​តំបន់​ទន្ទ្រាន​កាន់កាប់ ១១ កន្លែង ស្នើ​ផ្ទៃដី ២១៤,៧ ហិកតា និង​មាន​ប្រជាពលរដ្ឋ ចំនួន ១៩២ គ្រួសារ​។ និង​៤.​ស្រុក​ឯក​ភ្នំ​៖ មាន​ឃុំ​ចំនួន​៧ ក្នុងនោះ​មាន​ឃុំ​៤ ស្ថិតនៅ​ជាប់​នឹង​តំបន់​ដីព្រៃ​លិច​ទឹក បឹង​ទន្លេសាប មាន​តំបន់ ទន្ទ្រាន​កាន់កាប់ ៤​កន្លែង ស្មើនឹង​ផ្ទៃដី ៣ ០៥៣,២ ហិកតា និង​មាន​ប្រជាពលរដ្ឋ ចំនួន ៣០៩ គ្រួសារ​។​

​លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថាៈ កិច្ចប្រជុំ​ខាងលើនេះ ក្រុមការងារ បាន​ពិភាក្សាគ្នា យ៉ាង​ល្អិតល្អន់ និង​ស៊ីជម្រៅ ទាក់ទង​បញ្ហា​ខាងលើ ចុងបញ្ចប់ កិច្ចប្រជុំ​បានសម្រេច ឲ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ជល​ផល​ជា​សេនា ធិ​ការ និង​រៀបចំ​បោះបង្គោល​ព្រំដី​ព្រៃ​លិច​ទឹក ឲ្យ​បាន​គ្រប់​ចំនួន​សរុប ៦០ ដែល​មិន ទាន់​បោះ ក្នុងចំណោម​បង្គោល សរុប​ទូទាំង​ខេត្ត​ចំនួន ១១២ បង្គោល​។ ដោយឡែក យន្តការ​ដោះស្រាយ បញ្ហា ជារួម គឺ​យក​លទ្ធផល​ទាំង ៧ ចំណុច នៃ​កិច្ចប្រជុំ​នៅ ខេត្តពោធិ៍សាត់​៕/V​-PC