ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ បុគ្គលិក​សួនសត្វ​បាន​និយាយ​ថា​សត្វ​ដំរីទឹក​ពីរ​ក្បាល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​នៅ​សួនសត្វ​អាន​វើ​ប​ក្នុងប្រទេស​បែលហ្ស៊ិក​ក្នុង​អ្វី​ដែល​អាច​ជា​ករណី​ឆ្លងកូវី​ដ​​ដំបូង​ដែល​បាន​រាយការណ៍​នៅ​ចំពោះ​ប្រភេទ​សត្វ​នេះ​។​

​ដំរីទឹក​ឈ្មោះ អ៊ី​ម៉ា​នី អាយុ ១៤ ឆ្នាំ និង​ហឺ​មេន អាយុ ៤១ ឆ្នាំ មិន​មាន​រោគសញ្ញា​អ្វី​ក្រៅពី​ហៀរ​សំបោរ​នោះទេ ប៉ុន្តែ​សួនសត្វ​បាន​និយាយថា​ដំរីទឹក​ទាំងពីរ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ដើម្បី​​ជា​ការប្រុងប្រយ័ត្ន​។​

​លោក ហ្វ្រង់​ស៊ីស វើ​ខេម​មេន ជា​ពេទ្យសត្វ​របស់​សួនសត្វ​បាន​និយាយថា “​តាម​ចំណេះដឹង​របស់​ខ្ញុំ នេះ​ជា​ករណី​លើកទីមួយ​ហើយ​ចំពោះ​ប្រភេទ​សត្វ​នេះ​។ នៅ​ទូទាំង​ពិភព​លោ​រោគ​នេះ​ត្រូវ​បាន​រាយ​ការ​​ជា​ចម្បង​ចំពោះ​សត្វ​ស្វា​និង​សត្វ​ឆ្មា​”​។​

​មេរោគ​នេះ​ត្រូវ​គេ​គិត​ថា​បាន​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ហើយ​វា​ក៏​ត្រូវ​បាន​បញ្ជាក់​ថា​ឆ្លង​ពី​មនុស្ស​ទៅ​សត្វ​ដែរ​។​

​សត្វ​ចិញ្ចឹម រួម​ទាំង​ឆ្មា ឆ្កែ និង សំពោច​បាន​ឆ្លង​មេរោគ​កូរ៉ូណា​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​ម្ចាស់​របស់​វា ខណៈ​នៅក្នុង​សួន​សត្វ ករណី​កូវី​ដត្រូវបាន​រាយការណ៍​ចំពោះស​ត្វ​ដូចជា ខ្លា ទី​ទុយ ស្វា និង​ខ្លាត្រី​។​

​ជំងឺ​នេះ​ក៏​បាន​រីក​រាលដាល​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​សំពោច​និង​សត្វព្រៃ​ដូចជា​ក្តាន់​ផងដែរ​។​

​សួនសត្វ​អាន​វើ​ប​កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​ការឆ្លង​នេះ​។ សួនសត្វ​នេះ​បាន​និយាយថា គ្មាន​អ្នក​ថែ​សួន​ណា​ម្នាក់​បាន​បង្ហាញ​ពី​រោគសញ្ញា​កូវី​ដ​១៩ នា​ពេល​ថ្មីៗ​នេះ ឬ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូ​វីដ​នោះ​ទេ​៕

​ដំរីទឹក​ពីរ​ក្បាល​ឆ្លង​កូ​វីដនៅ​សួនសត្វ​អាន​វើ​ប​