ដោយៈមុនីរ័ត្ន/ភ្នំពេញ : ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ច្រានចោល​ទាំងស្រុង ចំពោះ​ការអត្ថាធិប្បាយ​បង្ក​ការភ័ន្តច្រឡំមាន​លក្ខណៈ​ន​យោ​បា​យូ​ប​នី​កម្ម ជ្រើសរើស​តែមួយ​ជ្រុង និង​បុរេវិនិច្ឆ័យ របស់លោក Rupert Colville អ្នកនាំពាក្យការិយាល័យ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ ទាក់ទិន​ការស៊ើបអង្កេត​លើ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ឧក្រឹដ្ឋកម្ម និង​បុគ្គល​មួយចំនួន​តូច​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១​។​

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​ឆ្លើយតប​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​៖
១.អាជ្ញាធរកម្ពុជា ពុំដែល​ព្រងើយកន្តើយ​ចំពោះ​សេចក្តីរាយការណ៍​អំពី​ឧក្រឹដ្ឋកម្ម​ណាមួយនោះទេ​។ ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ភស្តុតាង​និង​សាក្សី បាន​ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ដែល​ក្រោយមក​បាន​ឆ្លើយ សារភាព​ពី​ការប្រព្រឹត្តបទល្មើស ។ ប្រសិនបើ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​មាន​ភស្តុតាង​ដោះ​បន្ទុក​រឹងមាំ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ត្រូវបាន​ស្វាគមន៍​ឱ្យ​បញ្ជូន​ភស្តុតាង​ទាំងនោះ​ទៅកាន់​អាជ្ញាធរ​កម្ពុជា​ដែលមាន​សមត្ថកិច្ច ដើម្បី​ផ្ទៀងផ្ទាត់ ដោយ​អនុលោម​តាម​វិធាន​ដែលមាន​ចែង​។ កិច្ចសហប្រតិបត្តិការ​ពិតប្រាកដ ដែល​គ្មាន​របៀបវារៈ​លាក់កំបាំង​ត្រូវបាន​រំពឹងទុក​ថា នឹង​ទទួលបាន​ពី​ទីភ្នាក់ងារ​ទាំងអស់​រប​ស់​អង្គការសហប្រជាជាតិ ដែលមាន​តួនាទី​ជួយ​គាំទ្រ មិនមែន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​នោះទេ​។​
២. ការនិយាយ​យោង របស់អ្នកនាំពាក្យ​រូបនេះ ទៅលើសាវតារនយោបាយ របស់ជនជាប់ចោទ​បង្ហាញ​ពី​ការប៉ុនប៉ង​ម្តង​ហើយ​ម្តងទៀត ដើម្បី​ធ្វើ​ន​យោ​បា​យូ​ប​នី​យកម្ម​លើ​ករណី​ទាំងនេះ​។ ការចូលរួម​ជាមួយ​គ​ណ​បក្ស នយោបាយ មិនមែន​ជាអាជ្ញាប័ណ្ណ សម្រាប់​ល្មើសច្បាប់ ដោយនិ​ទណ្ឌ​ភាព​ឡើយ​។ នៅ​ប្រទេស​កម្ពុជា បុគ្គល​រង​ការចោទប្រកាន់ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​បទល្មើស​ដែល​កំណត់ដោយ​ច្បាប់ ពុំមែន​ដោយសារ​ពួកគាត់​ជា​នរណា​នោះទេ​។ ក្រមព្រហ្មទណ្ឌ​កម្ពុជា​ត្រូវបាន​តាក់តែង​ដោយមាន​ជំនួយ​របស់​អ្នកជំនាញ​មកពី​បស្ចិម​លោក​។ មាន​ករណី​ជាច្រើន​ដែល​បង្ហាញថា បុគ្គល​គាំទ្រ បក្ស កាន់ អំណាច ក្នុងករណី​បំពាន​ច្បាប់ ត្រូវបាន ផ្តន្ទាទោស ដោយ ច្បាប់ និង តុលាការ ដូចគ្នា ។ ជនជាប់ចោទ​មានឱកាស​ពេញលេញ​ទទួលបាន​ការជំនុំជម្រះ រួមទាំង​សិទ្ធិ​ទទួលបាន​មេធាវី ដើម្បី​បង្ហាញ​ទឡ្ហីករណ៍​និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ត្រឹមត្រូវ​។ ដំណើរការ​យុត្តិធម៌​ព្រហ្មទណ្ឌ​ត្រូវតែ​វិ​វ​ឌ្ឍ​ទៅមុខ ដោយ​គ្មាន​ការ រារាំង​។​
៣. ជំនួស​ឱ្យ​ការផ្តោត​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​មួយ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស គួរ​ចំណាយធនធាន​តិចតួច​របស់ខ្លួន ទៅលើ​បញ្ហា ប្រឈម​សិទ្ធិមនុស្ស​ដែលមាន​និន្នាការ​គួរឱ្យ​ព្រួយបារម្ភ ដូចជា ការប្រើប្រាស់​ភាសា​សម្អប់ ការនិយាយ​បង្កាច់បង្ខូច ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ញុះញង់ រួមទាំង​ការរើសអើង​វ៉ាក់សាំង​កូ​វីដ ១៩ ដែល​ពួន​ជ្រក​ក្រោម​ស្លាក​សេរីភាព​នៃ​ការបញ្ចេញមតិ​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​បញ្ជាក់ថា ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ចាំបាច់​ត្រូវបំពេញ​អាណត្តិ​របស់ខ្លួន​ដោយ​អនុលោម​តាម​សេចក្ដីសម្រេចចិត្ត (​លេខ A/RES/48/141) ដែល​បាន​បង្កើត​ស្ថាប័ន​នេះ​ឡើង និង​បាន​កំណត់ឱ្យ​ការិយាល័យ​សិទ្ធិមនុស្ស​នេះ អនុវត្ត​មុខងារ​របស់ខ្លួន​ក្នុង​វិសាលភាព​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​មាន​កាតព្វកិច្ច​គោរព​អធិបតេយ្យភាព​និង​ដែន​យុត្តាធិការ​ក្នុងស្រុក​របស់​រដ្ឋ​នីមួយៗ​។ មានតែ​ការអនុវត្ត​ដោយ​ប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់​បាន​ត្រឹមត្រូវ​ចំពោះ​ពិធីសារ​ខាងលើ​តែប៉ុណ្ណោះ ដែល​នឹង​អនុញ្ញាតឱ្យ​បណ្ដា​រដ្ឋ​សមាជិក​ទាំងអស់ និយាយ​ជារួម និង​ប្រទេស​កម្ពុជា និយាយ​ដោយឡែក រក្សាបាន​នូវ​ទំនុកចិត្ត និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​យន្តការ​នេះ​៕ សរន