​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ មន្ត្រី​គយ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​៤​ធ្នូ​ថា អាជ្ញាធរ​ថៃ​បាន​ស្ទាក់​ចាប់បាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ក្រាម​ជិត ៩០០ គីឡូក្រាម​ដែល​លាក់​ក្នុងការ​​ដឹកជញ្ជូន​ទំនិញ​នៅឯ​ការិយាល័យ​គយ​កំពង់ផែ​ក្រុង​បាងកក ហើយ​គ្រោង​ឆ្ពោះ​ទៅ​កោះ​តៃវ៉ាន់ ដែល​វា​អាច​លក់បាន​ដល់​ទៅ ៨៨ លាន​ដុល្លារ​អាម៉េរិក​។​

​គ្រឿងញៀន​នេះ​ត្រូវបាន​រឹបអូស​ដោយ​មន្ត្រី​គយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​៣​ធ្នូ ដោយ​លាក់​ក្នុង​ទម្រង់​ជា​ម្សៅ​នៅ​ខាងក្នុង​បន្ទះ​ស៊ី​លី​កូន​ពណ៌​ស​ចំនួន ១៦១ ។​

​អគ្គនាយក​គយ​ថៃ លោក ប៉ាត់​ឆា​រ៉ា អានុ​នតា​ស៊ីល​ប៉ា បាន​ប្រាប់​សន្និសីទកាសែត​កាលពី​ថ្ងៃ​សៅ​រ៍ថា “​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ក្រាម​៨៩៧ គីឡូក្រាម​នេះ​មាន​តម្លៃ​ប្រហែល ៥០០ ទៅ ៦០០ លាន​បាត​ប៉ុន្តែ​​នៅពេល​ដែល​ពួក​វា​ទៅដល់​គោលដៅ ពួកវា​នឹង​មាន​តម្លៃ ៣ ពាន់​លាន​បាត​តាម​តម្លៃ​ទីផ្សារ​”​។

​លោក​ប៉ាត់​ឆា​រ៉ា​បាន​និយាយថា អាជ្ញាធរ​ថៃ​និង​តៃវ៉ាន់​កំពុងតែ​ស៊ើបអង្កេត​។​

​ទីផ្សារ​មេតំ​ហ្វេ​តា​មីន​បាន​បន្ត​ពង្រីក​និង​ធ្វើ​ពិពិធ​កម្ម​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ី​អាគ្នេយ៍ ដោយ​មិន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​រាតត្បាត​នោះទេ​។​

​កាលពី​ខែ​តុលា ប៉ូលិស​ក្នុង​ប្រទេស​ឡាវ​បាន​រឹបអូស​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនចំនួន ៥៥ លាន​គ្រាប់ និង​គ្រាប់​ថ្នាំ​មេតំ​ហ្វេ​តាមី​នក្រា​មជាង ១,៥​តោន​នៅក្នុង​តំបន់ត្រីកោណមាស​ដែលជា​ព្រំប្រទល់​នៃ​​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ និង​ឡាវ​។​

​តំបន់ត្រីកោណមាស​មាន​ប្រវត្តិ​ផលិត​គ្រឿងញៀន​ខុសច្បាប់​ជា​យូរ​មក​ហើយ ហើយ​ថ្មីៗ​នេះ​បាន​បម្រើ​ជា​មជ្ឈមណ្ឌល​ផលិត​ដ៏​ធំ​សម្រាប់​សារធាតុ​ញៀន​អាំ​ហ្វេ​តា​មីន ជាពិសេស​ថ្នាំ​មេតំ​ហ្វេ​តា​មីន​ដែល​ប្រើ​​ប្រាស់​ដោយ​ក្រុម​ឧក្រិដ្ឋកម្ម​អាស៊ី​រួមជាមួយ​នឹង​បណ្តាញ​ចែកចាយ​រហូតដល់​ប្រទេស​ជប៉ុន និង​នូវែ​លសេ​ឡង់​៕

​មេតំ​ហ្វេ​តា​មីន​ក្រាម​ជិត ៩០០ គីឡូក្រាម​ត្រូវ​បាន​រឹបអូស​នៅ​បាងកក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​