ដោយ​៖​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖ ប្ដី​ប្រពន្ធ​២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ត្រូវបានធ្វើ​កិច្ចសន្យា​បញ្ឈប់ កន្លងមក​រួចហើយ​នៅតែ​បន្តសកម្មភាព​កាប់​រុករាន​ទន្ទ្រាន​បន​ក​យ​ទៀត​នោះ​ត្រូវបាន​សមត្ថកិច្ច​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង​បានធ្វើការ​ឃាត់ខ្លួន​នាំមក​កាន់​អយ្យការ​អម​សាលា ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ នេះ ។​

​បើ​យោងតាម​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា​ការនាំ​ខ្លួន​បុគ្គល​ទាំង​២​រូប ចូលមក​កាន់​អយ្យការ​អម​សាលា ដំបូង​ខេត្តកំពង់ឆ្នាំង​នេះ បានធ្វើ​ឡើង​តាម ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ ២៧៤១​អ​.​ក / ២១ និង លេខ​២៧៤២.​អក​/២១ ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​

​ជន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​មាន​១-​ឈ្មោះ ជុំ ពិសិដ្ឋ ហៅ លោកគ្រូ​សិ​ដ្ឋ​អាយុ ៤៩​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​មានឈ្មោះ ក្រឹ​ង មាលា ហៅ មីង​លា អាយុ ៥២ ឆ្នាំ​។ ពួកគេ​រស់នៅ​ភូមិ​ពាម​ទ​ន្ល ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​សូម​រម្លឹកថា​កន្លងមក​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជា ពលរដ្ឋ​បាន​ឲ្យ​ដឹងថា បុគ្គល​ឈ្មោះ ជុំ ពិសិដ្ឋ​មាន​តួនាទី​ជា​នាយក​សាលាបឋមសិក្សា​សំរោង​ក​ង្រី​។ បុរស​រូបនេះ​បាន​ឲ្យ​ប្រជាពលរដ្ឋ ចូលទៅ​កាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​សហគមន៍ ហើយ​ខ្លួន​ជា​អ្នក​ឈរ​ទិញ ក្នុង​មួយ​ហិកតា​តម្លៃ​ចាប់ពី​៤.៥០០​ដុល្លារ ទៅ​៥.០០០​ដុល្លា​។​

​ដីព្រៃ​បរិស្ថាន​ដែល​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​រាន​លុកលុយ​យកមក​លក់​ឲ្យ​ឈ្មោះ ជុំ ពិសិដ្ឋ នេះ ស្ថិតនៅ​ចំណុច​ភ្នំ​តូច ចំណុច​ភ្នំ​ឃា ចំណុច​ត្រពាំង​ដំរី ដែលជា​តំបន់​គ្រប់គ្រង​ដោយ​បរិស្ថាន ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​៕​