ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអតីតនាយករដ្ឋមន្ត្រីទី១និង ជាអតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកជូនថាកាលបីថ្ងៃទី ២៨ ខែ វិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ដោយបញ្ជាក់ថា «ខណៈនេះទូលព្រះបង្គំនិងភរិយាមានក្តីក្តុកក្តួលរំជួលចិត្ត ឥតឧបមា ដោយទទួលដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាព្រះ ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិកឆ្នាំឆ្លូវ ត្រីស័ ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុង ព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំ និងភរិយាសូមចូលរួមរំលែកព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា និងព្រះរាជបុត្រា បុត្រីព្រម ទាំងរាជវង្សានុវង្សប្រកបដោយអនិច្ចលក្ខណធម៌សង្វេគ សោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជា ការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។

ទន្ទឹមនេះ ទូលព្រះបង្គំ និងភរិយាសូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោន យកកំណើតក្នុងព្រះ សុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ»។

ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដង្ហែមកដល់ប្រទេសកម្ពុជាហើយនាវេលាម៉ោង១២:១០នាទីថ្ងៃអាទិត្យទី៥ ខែធ្នូឆ្នាំ២០២១តាមជើង ហោះ ហើរពិសេសពីសាធា រណរដ្ឋបារាំង។

គួររំលឹកថាសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំងវេលាម៉ោង ៣:៤០ នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។

ព្រះអង្គព្រះប្រសូតនៅថ្ងៃទី០២ខែមករាឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពដែនដីនិងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

ក្នុងព្រះរាជហឫទ័យទុកដាក់ចំនួនការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គចំនួន ១០ម៉ឺនដុល្លារអាមេរិកនិងព្រះរាជទ្រព្យព្រះករុណាជាអម្ចាស់លើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំនួន ២ ម៉ឺនដុល្លារអាមេរិកដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមសម្រាប់ចូលរួមរៀបចំពិធីបុណ្យព្រះសពសម្តេចក្រុម ព្រះនរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវជាព្រះរាមផ្ទាល់របស់ព្រះករុណាជាអម្ចាស់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលបានយាងចូលព្រះទិវង្គ តនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នៅប្រទេសបារាំងវេលាម៉ោង៩៖៤០នាទីត្រូវនឹងម៉ោង៣៖៤០នាទីរសៀលម៉ោងនៅរាជ ធានីភ្នំពេញក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាជាអម្ចាស់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យសោកស្តាយដ៏ជ្រាលជ្រៅនិង ចូលរួមរំលែកទុក្ខសោកជាមួយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឬទ្ធិ ព្រមទាំងព្រះបុត្រាបុត្រីព្រះរាជវង្សានុវង្សនិងញាតិមិត្តជិតឆ្ងាយនៃព្រះសពចំពោះការយាងចូលព្រះ ទិវង្គតនៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺជាការបាត់បង់ព្រះរាជវង្សានុវង្សជាអ្នកសេ្នហាជាតិដ៏ប្រសើរមួយព្រះអង្គដែលបានខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការ ដង្ហែតាមព្រះរាជសកម្មភាពបម្រើជាតិ ដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងដំណើរការផ្សះផ្សាបង្រួបង្រួមជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងមាតុភូមិកម្ពុជា។

ទន្ទឹមនឹងនេះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានចេញនូវសារលិខិតរំលែកមរណ:ទុក្ខ ដ៏ក្រៀមក្រំ ដោយបានសម្តែងការសោកស្តាយចំពោះការចូលព្រះទីវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១ រូប ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាអស់ព្រះកាយពលដើម្បីបុព្វហេតុការពារជាតិ សាសនា និងព្រះមហាក្សត្រ ។ជាងនេះទៅទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានចេញនូវសារាចរណែនាំដោយបានប្រកាសកំណត់ យកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ជាថ្ងៃ កាន់ទុក្ខជាផ្លូវការ គ្រប់ក្រសួងស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីអារាមព្រមទាំងប្រជាជនទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង នៃដងទង់ជាតិ នៅថ្ងៃទី ៨ខែធ្នូឆ្នាំ២០២១ គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិនិងឯកជន ទាំងអស់ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយទូរទស្សន៍នូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានបញ្ជាក់ថា ក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជ ធានីភ្នំពេញសរុបចំនួន ៥២ នឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ នៅថ្ងៃទី ៦ និងទី ៧ ខែធ្នូ ឆ្នាំ ២០២១។ សូម ជម្រាបថា ព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ ស្ថិតនៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ៕