​ប្រែ​សម្រួលៈ​វាសនា​/​លូ​ម៉ា​ចាង​,​ឥណ្ឌូនេស៊ី​៖​ភ្នំភ្លើង​សេ​មេ​រុ របស់​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ធ្នូ​បាន​ផ្ទុះ​សាជាថ្មី ដោយ​បង្ខំ​អោយ​អ្នក​ជួយសង្គ្រោះ​ផ្អាក​ការងារ​ស្វែងរក​ជនរងគ្រោះ នៅពេល​រូបភាព​ពី​អាកាស​​បានបង្ហាញ​ទំហំ​នៃ​មហន្តរាយ​បង្កឡើង​ដោយ​ការផ្ទុះ​កាលពី​ចុង​សប្តាហ៍​។​

​ភ្នំ​ធំជាងគេ​នៅលើ​កោះ​ជ្វា​នេះ​បាន​រញ្ជួយ​បាញ់​ផេះ​និង​ផ្សែង​ចូលក្នុង​អាកាស​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ទម្លាក់​ភក់​ក្តៅ​មក​កប់​ភូមិ​ក្បែរ​ខាង​ដែល​នាំ​អោយ​មនុស្ស​ភិតភ័យ​ភៀសខ្លួន​ចេញពី​ផ្ទះសម្បែង​។​

​យ៉ាងហោច​ណាស់​មនុស្ស​១៥​នាក់​បាន​ស្លាប់​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក​តែ​មនុស្ស​២៧​នាក់​ទៀត​កំពុង​បាត់​ខ្លួន នេះ​បើ​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​។​

​រូបភាព​ពី​អាកាស​បង្ហាញ​វិថី​ទាំងមូលៗ​ពោរពេញ​ដោយ​ផេះ​និង​ភក់​ភ្នំ​ភ្លើងពណ៌​ប្រផេះ ដែល​កប់​ផ្ទះ​និង​យានយន្ត​។​

​ប្រតិបត្តិ​ការសង្គ្រោះ ត្រូវបាន​ផ្អាក​ដោយសារ​ភ្នំភ្លើង​បញ្ចេញ​សកម្មភាព​ជា​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​បាន​ណែនាំ​អ្នកស្រុក​កុំ​អោយ​ធ្វើ​ដំណើរ​ចូលក្នុងរង្វង់​៥​គីឡូម៉ែត្រ​ជុំវិញ​មាត់​ភ្នំ​សេ​មេ​រុ នៅ​ពេល​ខ្យល់​នៅក្បែរៗ​ភ្នំ​នេះ​ពុល​ខ្លាំង​និង​អាច​ប៉ះពាល់​សុខភាព​ក្រុម​មនុស្ស​ខ្លះ​៕

​ផេះ​មកពី​ភ្នំ​សេ​មេ​រុ បាន​ហុយ​ចម្ងាយ​៤​គីឡូម៉ែត្រ​ពី​មាត់​ភ្នំ ក្រោយ​ការផ្ទុះ​កាលពី​ថ្ងៃ​សៅរ៍