ដោយៈ វ៉ៃ​កូ / ស្វាយរៀង​៖ លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែធ្នូ ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កម្មវិធី យុទ្ធនាការ ១៦ ថ្ងៃ ពិភពលោក ពណ៌​ទឹកក្រូច បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ក្រោម​ប្រធានបទ “​ពិភពលោក ពណ៌​ទឹកក្រូច បញ្ឈប់​អំពើហិង្សា លើ​ស្ត្រី និង​ក្មេងស្រី ចាប់ពីពេលនេះ ” ។​

​ដោយមាន​ការចូលរួម ពី​លោក សុច ពិសី អភិបាល ស្រុក​កំពង់រោទិ៍ ផង​នោះ លោកស្រី ឯក សុវណ្ណ​ភារៈ បាន​មានប្រសាសន៍ថាៈ ប្រវត្តិ​យុទ្ធនាការ ១៦ ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា លើ​ស្តី និង​កុមារ​យុទ្ធនាការ ១៦ ថ្ងៃ គឺជា​យុទ្ធ​ការដែល​ប្រឆាំង អំពើហិង្សា​លើ​ស្ត្រី និង​កុមារ ហើយ​យុទ្ធនាការ​នេះ ចាប់​ផ្ដើមឡើង នៅក្នុង​ឆ្នាំ​១៩៩១ ដោយ​ក្រុម​បុរស​ជនជាតិ​កា​ណា មួយក្រុម ។​

​ក្រោយមក យុទ្ធនាការ​ត្រូវបាន​រៀបចំ ឡើង​នៅ​គ្រប់​ទីកន្លែង នៅលើ​ពិភពលោក រហូតដល់ ទិវា​នេះ បាន​ក្លាយជា​ទិវា​អន្តរជាតិ ដែល​អង្គការសហប្រជាជាតិ បានកំណត់ ជា​ផ្លូវការ A/RES/54/134 ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​១៩៩៨ ហើយនឹង​បាន ប្រកាស ទទួលស្គាល់ថា ជា​ទិវា​អន្តរជាតិ លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​តាមរយៈ មហាសន្និបាត លើក​ទី​៤៣ របស់ អង្គការសហប្រជាជាតិ​។​

​នៅក្នុង​អំឡុងពេល នៃ​យុ​ទ្ឋ​នា​ការ​នេះ បូ​ពណ៌​ស ត្រូវបាន​បំពាក់​ឲ្យ​ប្រជាពលរដ្ឋ​ជា ពិសេស​បុរស ដែលជា​សញ្ញា នៃ​ការសន្យា​របស់​ពួកគេ ដើម្បី​បញ្ឈប់​អំពើហិង្សា លើ​ស្ត្រី ។ ជាទូទៅ​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ត្រូវបាន​គេ​ចាត់ទុកថា ជា​ទិវា​អន្តរជាតិ នៃ​ការ​សាមគ្គីភាព របស់​បុរស ប្រឆាំងនឹង​អំពើហិង្សា របស់​បុរស លើ​ស្ត្រី ។ ហេតុ​ដូច្នេះហើយ ជា​រៀងរាល់ឆ្នាំ យុទ្ធនាការ​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី ១០ ធ្នូ ។​

​សកម្មភាព​នៃ​យុទ្ធនាការ​ជាច្រើន បាន​ប្រារព្ធ​ធ្វើជា​សកល ដែល​សកម្មភាព​សំខាន់ៗ ទាំងនោះ រួមមាន ការបំពាក់​បូ​ពណ៌​ស​ការដើរ​ហែ​ក្បួន តាម​សាធារណៈ ការរៀបចំ ផ្សព្វផ្សាយ​តាម​ព័ត៌មាន កាសែត វិទ្យុ ទូរ​ទស្ស​ន៏ និង​ការសម្តែង​សិល្បៈ​ជាដើម​។
​នៅក្នុង​ឆ្នាំ​នីមួយៗ យុ​ទ្ឋ​នា​ការ ១៦ ថ្ងៃ ផ្តោត​ការយកចិត្តទុកដាក់​លើ រាល់​ទម្រង់​នៃ អំពើហិង្សា​លើ​ស្ត្រី និង​កុមារ ។​

​លោកស្រី បាន​បន្តទៀតថាៈ ជា​រៀងរាល់ឆ្នាំ ក្រសួង​កិច្ចការនារី តែងតែ​សហការ ជាមួយ អង្គការ​មិនមែន​រដ្ឋាភិបាល ក៍​ដូចជា ក្រុមហ៊ុន​ឯកជន ដើម្បី​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង បញ្ឈប់​អំពើហិង្សា គ្រប់​រូបភាព មកលើ​ស្ត្រី យុវវ័យ និង​កុមារ ដើម្បី​លើកកម្ពស់ ភាពសុខដុមរមនា និង​ភាពរុងរឿង​ក្នុង​គ្រួសារ ក៏​ដូច​នៅ​កន្លែង ធ្វើការ​។ ហើយ​នៅថ្ងៃនេះ ក្រសួង​កិច្ចការនារី បានរៀបចំ​យុទ្ធនាការ ១៦ ថ្ងៃ នៅ​សាលាស្រុក​កំពង់រោទិ៍ ក្រោម​ការ ឧបត្ថម្ភ​គាំទ្រ​ដោយ អង្គការ icc ដើម្បី​ធ្វើការ ផ្សព្វផ្សាយ ស្ដីពី​ការប្រឆាំង​អំពើហិង្សា​លើ​ស្ត្រី និង កុមារ​ក្រោម​ប្រធានបទ ពិភពលោក ពណ៌​ទឹកក្រូច បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេង ស្រី ចាប់​ពេលនេះ​៕/V​-PC