​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា នៅ​ថ្ងៃ​ចន្ទ​នេះ​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស​មេដឹកនាំ​អ៊ុង​សាន ស៊ូ​ជី ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា​និង​បំពាន​ច្បាប់​កូវី​ដ​។​

​វា​ជា​ការកាត់ទោស​លើកដំបូង​ក្នុងចំណោម​ការកាត់ទោស​ជា​បន្តបន្ទាប់​ទៀត​ដែល​អាច​ឃើញ​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​រូប​នេះ​ជាប់គុក​អស់​ជាច្រើន​ទសវត្សរ៍​។​

​លោកស្រី ស៊ូ​ជី អាយុ ៧៦​ឆ្នាំ ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ពួក​មេទ័ព​បាន​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ​ដោយ​បញ្ចប់​លទ្ធិប្រជាធិបតេយ្យ​មួយ​ដង្ហើមចង្រិត​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​​មួយ​នេះ​។​ចាប់តាំងពី​ពេលនោះ​មក លោកស្រី​ត្រូវបាន​រង​ការចោទប្រកាន់​ជា​បន្តបន្ទាប់ រួម​ទាំង​ការរំលោភ​លើ​ច្បាប់​ស្តីពី​សម្ងាត់​ជាតិ អំពើពុករលួយ និង​ការ​ក្លែងបន្លំ​ការបោះឆ្នោត​ហើយ​លោក​ស្រី​​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​រាប់​ទសវត្សរ៍ ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​លើ​គ្រប់​ករណី​ទាំងអស់​។​

​អ្នកនាំពាក្យ​របប​យោធា​លោក សា​វ មីន ទុន បាន​ប្រាប់ AFP​តាម​ទូរស័ព្ទ​ថា នៅ​ថ្ងៃ​ចន្ទ​នេះ​លោកស្រី​ស៊ូ​ជី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា​និង​ពីរ​ឆ្នាំ​​ទៀត​ពី​បទ​បំពាន​ច្បាប់​ទាក់ទង​នឹង​កូវី​ដ​។​

​លោក​បាន​និយាយថា អតីត​ប្រធានាធិបតី​វីន មីន​ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​ផង​ដែរ​ពី​បទ​ចោទប្រកាន់​ដូចគ្នា ប៉ុន្តែ​លោក​បាន​បន្ថែមថា​ពួកគាត់​មិន​ទាន់​ត្រូវបាន​នាំ​ខ្លួន​​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​នៅឡើយ​ទេ​។​

​លោក​បាន​បន្ថែមថា “​ពួកគាត់​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ផ្សេង​ទៀត​ពី​ទីកន្លែង​ដែល​ពួកគាត់​កំពុង​ស្នាក់នៅ​ឥឡូវនេះ​”​ដោយ​សំដៅ​ទៅលើ​ការឃុំ​ខ្លួន​ពួក​គាត់​នៅក្នុង​រដ្ឋធានី​ណៃ​ពិដោ​ប៉ុន្តែ​មិន​​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះទេ​។​

​អ្នកសារព័ត៌មាន​ត្រូវបាន​រារាំង​ពី​ដំណើរការ​នីតិវិធី​នៅក្នុង​តុលាការ​ពិសេស​ក្នុង​ទីក្រុង​ណៃ​ពិដោ ហើយ​ថ្មីៗ​នេះ​មេធាវី​របស់​លោកស្រី​ស៊ូ​ជី​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ​។​

​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ការកាត់ទោស​សមាជិក​ថ្នាក់ខ្ពស់​ផ្សេង​ទៀត​នៃ​បក្ស​សម្ពន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី​បានបញ្ចប់​ហើយ​ដោយ​របប​យោធា​បាន​កាត់ទោស​យ៉ាង​​ធ្ងន់ធ្ងរ​លើ​ពួកគេ​។​

​អតីតរដ្ឋមន្ត្រី​ជាន់ខ្ពស់​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៧៥ ឆ្នាំ​ក្នុង​ខែ​នេះ ខណៈ​ជំនួយការ​ជំនិត​របស់​លោកស្រី​ស៊ូ​ជី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ​៕

លោកស្រី​ស៊ូ​ជី​ជាប់គុក​បួន​ឆ្នាំ​ពី​បទ​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា​និង​បំពាន​ច្បាប់​កូវី​ដ