ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ យោងតាម​ការស្នើសុំ​អន្តរាគមន៍ ពី​អាជ្ញាធរ និង​តាម ការទទូច ពី​ប្រជាពលរដ្ឋ ភូមិ​១១ និង​ភូមិ​១២ ផង​នោះ នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​សហការ​ជាមួយ នាយកដ្ឋាន សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន សង្កាត់ ខណ្ឌ បាន​ចុះ​ចាប់​សត្វ​ស្វា កាចៗ ដែល​បង្ក​អុកឡុក ដេញ​ខាំ កូនចៅ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​១១ និង​ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

​លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បានបញ្ជាក់​ថាៈ តាម​ការ បញ្ជា​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តាម​ការណែនាំ​របស់ លោក​ប្រធាន​មន្ទីរ អោយ​លោក​ដឹកនាំ មន្ត្រី​ជំនាញ និង​រួមជាមួយ អាជ្ញាធរ​មូលដ្ឋាន ចុះ​ចាប់​ស្វា ដែល​កាចៗ យកចេញ កុំអោយ​បង្ក​ការភ័យខ្លាច ដល់​ប្រជាពលរដ្ឋ ។

​ក្នុងឱកាស​ចុះ​ចាប់​សត្វ​ស្វា ដែល​កាចៗ នាពេលនេះ មន្ត្រី​ក្រុមការងារ អាជ្ញាធរ សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរៗ តំបន់​ស្វា​អុកឡុក​នោះ កុំ​មានការ​ភិតភ័យ ព្រោះ​មន្ត្រី​បាន​ចុះ​ចាប់​សត្វ​ស្វា ទាំង​យកទៅ​លែង នៅ​មណ្ឌល ថែទាំ សត្វព្រៃ ដោយ​សុវត្ថិភាព ។ សូម​បងប្អូន រស់នៅ​ដោយ​ក្តី​សុខ​សប្បាយ​។

​សត្វ​ស្វា​ដែល​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​ចាប់​យកទៅ​លែង​នៅ​សួនសត្វ​ភ្នំ តាខ្មៅ នា​ថ្ងៃនេះ មាន​ជិត ២០ ក្បាល និង​បន្ត​ចុះ​ចាប់ ជា​បន្តបន្ទាប់​ទៀត​រហូតដល់ សត្វ​កាចៗ លែងមាន​រំខាន​ដល់ ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​តំបន់​វត្តភ្នំ ។

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​វត្តភ្នំ សង្កាត់​ស្រះចក និង​សង្កាត់ ផ្សារ​ចាស់ ក្នុង​ទឹកដី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានបង្ហាញ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព កូនចៅ​តូចៗ ក៏ដូចជា សម្ភារៈ នៅផ្ទះ ដោយ​អះអាងថា មួយរយៈ​ពេល ចុងក្រោយ​នេះ មាន​ស្វា​ធំៗ​និង​កាចៗ មួយចំនួន បាន​អុកឡុក ដល់​លំនៅឋាន រស់នៅ​របស់​ពួកគាត់ បង្ក​នូវ​ការភ័យខ្លាច​ជាខ្លាំង ដោយសារតែ​ស្វា​មួយចំនួន​នោះ មាន​ចរិត​កាច​អាច​ខាំ ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ ។​

​ពលរដ្ឋ​ដែល​រស់នៅ​រំខាន ដោយ​សត្វ​ស្វា​នោះ បាន​ប្រាប់​អោយដឹងថាៈ ស្វា​មួយចំនួន មាន​ច​រឹក​កាច ដើរ​អុកឡុក តាម​ផ្ទះ​ប្រជាពលរដ្ឋ ខ្លាំងណាស់ ។ ជាមួយគ្នា​នោះ បាន​សំណូមពរ ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​មន្ត្រី​ជំនាញ ចុះ​ចាប់​យកទៅ​អភិរក្ស ឬ​ធ្វើយ៉ាងណា តាម​ជំនាញ ដោយសារ​មាន​ក្មេងៗ កូនចៅ​ពួកគាត់ ធ្លាប់​រងគ្រោះ ត្រូវ​ស្វា​កាចៗ ដេញ​ខាំ ជាដើម ។​

​ប្រជាពលរដ្ឋ បាន​បន្តថាៈ ពួកគាត់​រស់នៅ លែង​ហ៊ាន​បើកទ្វារ បង្អួច ដោយសារ តែ​ខ្លាច ស្វា​ចូល​ក្នុងផ្ទះ បើ​ផ្ទះ​ណា មានកូន​ក្មេង​តូចៗ រឹតតែ​ប្រយ័ត្ន​ទ្វេដង​ព្រោះ​កន្លង មក ធ្លាប់​បើកទ្វារ​ផ្ទះ​ខាងមុខ ហើយ​ស្វា ចូលមក​ដេញ ខ្វាច​កូនតូច​ផងដែរ​ខ្វាច​ត្រូវ មុខ​រហូត ត្រូវយក​ក្មេង ទៅ​មន្ទីរពេទ្យ​ខណៈ​អីវ៉ាន់​ទុក​នៅ​រានហាល​មុខផ្ទះ​ក៏ត្រូវ​ស្វា ខាំ​ពាំ ឬ​បំផ្លាញ ផងដែរ ។​

​ចំណែក​ពលរដ្ឋ​ផ្សេងទៀត នៅ​សង្កាត់​វត្តភ្នំ ក៏បាន​លើកឡើងថាៈ ស្វា​ខ្លះ​កាចៗ ណាស់ ហើយ​បំផ្លាញ​អីវ៉ាន់ តាម​ផ្ទះ​របស់​ពលរដ្ឋ ច្រើនដង​មកហើយ ទើប​ពលរដ្ឋ នៅ​សង្កាត់​ទាំងពីរ ហាក់​មានការ​ភ័យខ្លាច ខ្លាំង​ឡើងៗ ។ ស្វា​កាចៗ​នោះ​មិនមាន ច្រើន​ទេ គឺមាន ៣ ឬ ៤​ក្បាល ប៉ុណ្ណោះ ហើយ​បើ​ហ៊ាន​ហាល​ត្រី​អី​មុខផ្ទះ​ឬ​មាន ផើងផ្កា​អី វា​បោច​បាច​ខ្ទេចខ្ទី ចរិត​កាច អត់​ខ្លាច​យើង​ជាម​នុស្ស​ទេ ។ ស្វា​កាចៗ​នោះ មាន​ច្រើន ហើយ​បើ​ហ៊ាន​ហាល ត្រី​អី​មុខផ្ទះ ឬ​មាន​ផើងផ្កា​អី វា​បោច​បាច​ខ្ទេចខ្ទី ចរិត​កាច អត់​ខ្លាច​យើង​ជាម​នុស្ស​ទេ ទៅ ជា​យើង​ខ្លាច​វា​ជាខ្លាំង​។ ដូច្នេះ​សុំ​សំណូមពរ ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ជួយ​ដល់​ពលរដ្ឋ​លើ​បញ្ហា​នេះ​ផង ដែរ ដើម្បី​សុវត្ថិភាព​រស់​ក្មេងៗ​តូច ជាពិសេស​៕/V​-PC