​ដោយៈ គង់​ហេង​/ កំពង់ចាមៈ នៅ​ថ្ងៃទី​៦ ធ្នូ​នេះ វិមានឯករាជ្យ​ខេត្តកំពង់ចាម​បាន​បើក​ការដ្ឋាន​សាងសង់ ជា​ផ្លូវការ​ហើយ​។ សំណង់​ប្រវត្តិសាស្ត្រ​មួយ​នេះ គ្រោង​នឹង​បញ្ចប់​ឱ្យ​ហើយ​រួចរាល់​នៅមុន​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ពិធីបើកការដ្ឋាន​វិមានឯករាជ្យ​ថាៈ ការសម្រេច​កសាង​វិមានឯករាជ្យ​នេះ ដោយសារតែ​ខេត្តកំពង់ចាម ពុំទាន់​មាន​វិមានឯករាជ្យ សម្រាប់​ការ​ប្រា​ព្ធ​ខួប​អនុស្សាវរីយ៍ បុណ្យ​ឯករាជ្យ​ជាតិ គឺ​ដើម្បី​រំលឹក​ដល់ គុណូបការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​បានទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ទៀតថា សំណង់​ជា​វិមានឯករាជ្យ​ដែល​បាន​សម្ពោធ​បើក​ការដ្ឋាន​នា​ថ្ងៃនេះ គឺជា​សំណង់​ប្រវត្តិសាស្ត្រ ដើម្បី​បន្សល់ទុក​នូវ​ស្នាដៃ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​កូនចៅ​ជំនាន់​ក្រោយៗ ទៀត​។ ពិសេស​សំណង់​នេះ ក៏​នឹង​ជួយ​លើកកម្ពស់​សោភ័ណភាព ក្រុង​កំពង់ចាម​ឱ្យ​ស្រស់បំព្រង​មួយកម្រិត​បន្ថែមទៀត ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដែល​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មកលេង​កម្សាន្ត លើ​ទឹកដី​ខេត្តកំពង់ចាម​៕​