ដោយ​៖ ភ្នំ​ខៀវ / បាត់ដំបង​៖ ក្រុមការងារ​អន្តរក្រសួង សម្រេច​រៀបចំ​បោះបង្គោល​កំណត់​តំបន់ ៣​ឲ្យ​គ្រប់​ចំនួន និង​ដាក់ចេញ​យន្តការ​ដោះស្រាយ​បញ្ហា​ការទន្ទ្រាន​ដី​បឹង​ទន្លេសាប តំបន់ហាមឃាត់ ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង​។​

​នៅ​ព្រលប់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ ២០២១​នេះ​បន្ទាប់ពី​ក្រុមការងារ​អន្តរ ក្រសួង​បាន​ចុះទៅពិនិត្យ​ទីតាំង​ល្មើស​ជាក់ស្តែង​ក្នុងភូមិ​សាស្ត្រ ភូមិ​ដំបូក​បុណ្យ ឃុំ​អន្លុង​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង រួចមក មន្ត្រី​ជំនាញ​ខាងលើ​បាន​បើក​កិច្ចប្រជុំ​ធំ​មួយ​ដោយ​សម្រេច ពិនិត្យ វាយតម្លៃ​រួម ព្រមទាំង​ដាក់ចេញ​នូវ​យន្តការ​ដោះស្រាយ​ចំពោះមុខ​ជាច្រើន ផ្តោតលើ​វិធានការ​ការពារ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ឡើងវិញ​។​

​ជំនួប​ប្រជុំ​ល្អិតល្អន់ ស៊ីជម្រៅ​ពិនិត្យ​វាយតម្លៃ​នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ជល​ផល​ជា​សេនាធិការ​បានសម្រេច​រៀប​ចំ​បោះបង្គោល​ព្រំដី​តំបន់​ព្រៃ​លិច​ទឹក​ឲ្យ​បាន​គ្រប់​ចំនួន ៦០​បង្គោល​បន្ថែមទៀត​ដែល​មិនទាន់បាន​បោះ ក្នុងចំណោម​បង្គោល​កំណត់​ព្រំ​តំបន់ ៣ ទូទាំង​ខេត្ត​សរុប​ចំនួន ១១២​បង្គោល​។​

​ដោយឡែក​លទ្ធផល​យន្ត​ការដោះស្រាយ​បញ្ហា​ជារួម នៃ​កិច្ចប្រជុំ​មាន ៧​ចំណុច​:

​ទី​១៖ ទប់ស្កាត់​បង្ក្រាប ស្ដារ​ធនធាន​ព្រៃ​លិច​ទឹក​ឡើងវិញ ដោយ​រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិត​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន បញ្ឈប់​ការពិនិត្យ​បញ្ជាក់​លើ​លិខិត​កាន់កាប់​ដី លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក ព្រមទាំង​ចេញ​លិខិត​បដិសេធ​ចំពោះ​លិខិត​ដែល​បានចេញ​រួច​។ ទី​២៖ រដ្ឋបាលខេត្ត​ត្រូវ​ចាត់វិធានការ​បញ្ឈប់​ការចូល​ទន្ទ្រាន​ដី​ដែន​ព្រៃ​លិច​ទឹក​បន្តទៀត រួច​ធ្វើ​អត្តសញ្ញាណ​អ្នក​ដែល​បាន​ចូល​ទន្ទ្រាន​ដើម្បី​ដកហូត​ដី និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​ត្រូវ​កសាង​អង្គហេតុ នឹងដាក់​បណ្ដឹងអាជ្ញា​តុលាការ​។ ទី​៣៖ ចលនា​ដល់​ជនបង្ក ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​លើ​ផ្ទៃដី​ដែល​ខ្លួន​បាន​ទន្ទ្រាន​។ ទី​៖៤ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​ចាត់​កម្លាំង​ចុះ​ល្បាត​តាម​គោលដៅ​តំបន់​ព្រៃ​លិច​ទឹក​នានា​។ ទី​៥៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ទទួលបន្ទុក​ដាំ​បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក​ដែល​ខ្វះចន្លោះ ឬ​ដួលរលំ​។ ទី​៦៖ ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដំណាំ ពិសេស​ដំណាំ​ស្រូវ​ទុកពេល​ឲ្យ​ប្រមូល​ផល​រួច រួច​ស្នើ​ឲ្យ​ធ្វើលិខិត​ទទួលកំហុស និង​ប្រគល់​ដីព្រៃ​លិច​ទឹក​ជូន​រដ្ឋ​វិញ និង​ទី​៧៖ ការដាំ​ដើមឈើ​ឡើងវិញ​ផ្ដល់​អទិភាព​លើ​ការដាំ​ដើម​ឫស្សី​ប្រភេទ​គ្មាន​បន្លា​។​

​ដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​តំបន់ ៣ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង មាន​ផ្ទៃដី​សរុប​ចំនួន ២០៦.៩៥៣​ហិកតា ក្នុងចំណោម​នេះ​ផ្ទៃដី​ដែល​ជនខិលខូច​ចូល​ទន្ទ្រាន​ជា​កម្ម​សិទ្ធ​ខុសច្បាប់​មាន​ចំនួន ២៩​ទីតាំង ស្មើនឹង​ផ្ទៃដី​ប្រមាណ​ជា ១២.២២១​ហិកតា ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ចូល​ទន្ទ្រាន​កាន់កាប់​មាន​ចំនួន ២.៥១៤​គ្រួសារ ត្រង់​ភូមិសាស្ត្រ​ឃុំ​ចំនួន ១៧ របស់​ស្រុក ៤ មាន​៖ ស្រុក​មោងឫស្សី ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ​៕​